គោលដៅដ៏សំខាន់នៃគម្រោងនេះ គឺការផ្លាស់ប្តូរផ្នត់គំនិតកុមារកម្ពុជាពីត្រឹមតែជា «អ្នកប្រើប្រាស់បច្ចេកវិទ្យា» ឱ្យកា្លយទៅជា «អ្នកបង្កើតបច្ចេកវិទ្យា» ប្រកបដោយភាពច្នៃប្រឌិត និងមានតក្កវិជ្ជាដោះស្រាយបញ្ហាតាំងពីវ័យកុមារ
នាយុគសម័យនៃបរិវត្តកម្មឌីជីថល ការពង្រឹងគុណភាពវិស័យអប់រំចំណេះដឹងបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាពដ៏ចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ឆ្លើយតបនឹងចក្ខុវិស័យនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ CoolThink@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង (The Hong Kong Jockey Club Charities Trust) រួមជាមួយគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូបង្គោលមកពីបណ្ដារាជធានី-ខេត្តទាំង៨។
គម្រោងថ្នាក់ជាតិនេះ គឺជាផ្លែផ្កានៃអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ឆ្នាំ២០២៥ រវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង។ ក្នុងចក្ខុវិស័យកាត់បន្ថយគម្លាតឌីជីថល កម្មវិធីស្តង់ដារអន្តរជាតិ CoolThink@JC នឹងត្រូវដាក់ឱ្យអនុវត្តនៅតាមសាលារៀនសាធារណៈគោលដៅចំនួន ១០០ ដែលនឹងជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សប្រមាណ ៣០,០០០ នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៥០០ នាក់ ក្នុងចន្លោះឆ្នាំ ២០២៥ ដល់ ២០២៨។ គោលដៅដ៏សំខាន់នៃគម្រោងនេះ គឺការផ្លាស់ប្តូរផ្នត់គំនិតកុមារកម្ពុជាពីត្រឹមតែជា «អ្នកប្រើប្រាស់បច្ចេកវិទ្យា» ឱ្យកា្លយទៅជា «អ្នកបង្កើតបច្ចេកវិទ្យា» ប្រកបដោយភាពច្នៃប្រឌិត និងមានតក្កវិជ្ជាដោះស្រាយបញ្ហាតាំងពីវ័យកុមារ។
ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន ៤។ ទីមួយ គណៈគ្រប់គ្រងសាលាត្រូវដើរតួជាអ្នកដឹកនាំប្រកបដោយឆន្ទៈក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធឌីជីថល បន្ទប់កុំព្យូទ័រ និងសម្ភារបរិក្ខារឱ្យបានល្អ ព្រមទាំងសម្របសម្រួលកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ទាំងក្នុងម៉ោងសិក្សា និងការបង្កើតក្លឹបសិក្សាក្រៅម៉ោង។ ទីពីរ លោកគ្រូអ្នកគ្រូបង្គោលត្រូវដើរតួជាអ្នកណែនាំ និងបន្តចែករំលែកចំណេះដឹងទៅកាន់សហការី (Peer-to-Peer Learning)។ ទីបី សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល (Inclusive Space) ដោយធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមជនបទ ទទួលបានឱកាសស្មើៗគ្នា។ និងទីបួន ការពង្រឹងទំនាក់ទំនងជាមួយមាតាបិតា និងសហគមន៍ ដោយសាលារៀនត្រូវបង្ហាញពីលទ្ធផល និងស្នាដៃច្នៃប្រឌិតរបស់កុមារ ដើម្បីទទួលបានការគាំទ្រ និងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការអប់រំឌីជីថលតាំងពីវ័យក្មេង។
ក្នុងស្មារតីរួមចំណែកគាំទ្រដល់បេសកកម្មអប់រំជាតិនេះ Tech for Kids Academy ពិតជាមានកិត្តិយស ក្នុងការចូលរួមសហការជាដៃគូផ្នែកបច្ចេកទេស និងធានាគុណភាពលើការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC សម្រាប់សិស្ស និងគ្រូទាំង ៣កម្រិត (ចាប់ពីថ្នាក់ទី៤ ទី៥ និងទី៦)។ ក្រៅពីនេះ Tech for Kids Academy ក៏បានរួមចំណែកក្នុងការសម្របសម្រួល និងបណ្ដុះបណ្ដាលដល់គ្រូបង្គោលនៃកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ លើកទី១ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចំនួន ៤០រូប មកពីសាលាបឋមសិក្សាគោលដៅចំនួន ៤០ បណ្ដារាជធានី-ខេត្តទាំង៨ រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម កំពង់ស្ពឺ បាត់ដំបង សៀមរាប ព្រះសីហនុ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីធានាថាលោកគ្រូ អ្នកគ្រូមានទំនុកចិត្ត និងសមត្ថភាពពេញលេញ លើការប្រើប្រាស់កម្មវិធីស្រ្កាច(Scratch) អនុវត្តតាមក្របខណ្ឌ CoolThink ក្នុងការបង្រៀននៅក្នុងថ្នាក់រៀន។
តាមរយៈកិច្ចសហការនេះ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកដើម្បីអាចឱ្យកុមារមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល និងមានចំណង់ចំណូលចិត្តសិក្សាតាំងពីកម្រិតមូលដ្ឋាន ដើម្បីបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលមួយ ប្រកបដោយនិរន្តរភាព។
យើងខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ ដែលជាសក្ខីភាពបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ តាមរយៈការចាក់គ្រឹះនៃការគិតបែបកុំព្យូទ័រនេះ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិសប្បុរសធម៌ទីក្រុងហុងកុង និងស្ថាប័នដៃគូ កំពុងរួមគ្នាកសាងបណ្ដាញអ្នកអប់រំឌីជីថលថ្នាក់ជាតិប្រកបដោយគុណភាព និងនិរន្តរភាព ដែលនឹងបន្តត្រួសត្រាយផ្លូវជូនយុវជនកម្ពុជាឆ្ពោះទៅកាន់អនាគតឌីជីថលដ៏ភ្លឺស្វាងសម្រាប់ពេលអនាគតដ៏យូរអង្វែង។
ដើម្បីរួមចំណែកដល់ការសិក្សា និងការបង្រៀន លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សទាំងអស់ អាចទាញយក និងប្រើប្រាស់ដោយសេរីនូវសៀវភៅសិក្សា និងសៀវភៅណែនាំគ្រប់កម្រិត ដែលត្រូវបានផ្ទុកនៅលើបណ្ណាល័យឌីជីថលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (sala.moeys.gov.kh) ដូចខាងក្រោម៖
📖 កម្រិតទី១ (Level 1) — សម្រាប់ថ្នាក់ទី៤
សៀវភៅសម្រាប់សិស្ស៖ https://sala.moeys.gov.kh/kh/library/00007781
សៀវភៅសម្រាប់គ្រូ៖ https://sala.moeys.gov.kh/kh/library/00007782
📖 កម្រិតទី២ (Level 2) — សម្រាប់ថ្នាក់ទី៥
សៀវភៅសម្រាប់សិស្ស៖ https://sala.moeys.gov.kh/kh/library/00007783
សៀវភៅសម្រាប់គ្រូ៖ https://sala.moeys.gov.kh/kh/library/00007784
📖 កម្រិតទី៣ (Level 3) — សម្រាប់ថ្នាក់ទី៦
សៀវភៅសម្រាប់សិស្ស៖ https://sala.moeys.gov.kh/kh/library/00007785
សៀវភៅសម្រាប់គ្រូ៖ https://sala.moeys.gov.kh/kh/library/00007786