Technovation Girls Cambodia x Future Digital Talents 2025

ដោយ Tech for Kids Academy | Jul,03,2025

កម្មវិធីប្រកួតថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2025 ប្រព្រិត្តទៅយ៉ាងជោគជ័យ បង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់យុវជនក្នុងការកសាងអនាគតឌីជីថលកម្ពុជា

Technovation Girls Cambodia x Future Digital Talents សូមជម្រាបជូនដំណឹងដល់សាធារណជន មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យាទាំងអស់ថា ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យនៅ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត សូ វិសិទ្ធី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ  អាណាព្យាបាល និងសិស្សានុសិស្សជាង ៣០០នាក់

កម្មវិធី Technovation Cambodia បានដំណើរការអស់រយៈពេល ១១ ឆ្នាំមកហើយ ដោយបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបណ្ដុះបណ្ដាល និងគាំទ្រក្មេងស្រីជាង ៣០០០ នាក់ក្នុងវិស័យបច្ចេកវិទ្យា។ សម្រាប់ឆ្នាំ ២០២៥ នេះ ក្នុងនាមជាកម្មវិធី Technovation Girls Cambodia x Future Digital Talents, កម្មវិធីបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសំខាន់ ដើម្បីផ្តល់ឱកាសចូលរួមដល់យុវជនទាំងប្រុសទាំងស្រី ឲ្យបានរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងដោះស្រាយបញ្ហាសង្គមទាំងអស់គ្នា។ លើសពីការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញឌីជីថល កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងយុវជនកម្ពុជាតាមរយៈការគាំទ្រ និងពង្រឹងសហគ្រិនភាព លើកកម្ពស់ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ព្រមទាំងបំណិនដ៏ចាំបាច់ដែលឆ្លើយតបទៅនឹងភាពរីកចម្រើននាយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដូចជាការដោះស្រាយបញ្ហា ការសហការ ការធ្វើការងារជាក្រុម ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ, និងការធ្វើស្វ័យសិក្សាជាដើម។ទាំងនេះហើយដែលជួយប្រែក្លាយយុវជនកម្ពុជាទៅជាមូលធនមនុស្សដ៏មានតម្លៃនាសតវត្សរ៍ទី២១។

ភាពជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំ ២០២៥ នេះ គឺដោយសារតែការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងទេពកោសល្យដ៏អស្ចារ្យរបស់សិស្សានុសិស្សមកពីទីក្រុងភ្នំពេញ និងបណ្តាខេត្តនានា ទូទាំងប្រទេស។ ក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះ អ្នកចូលរួមទស្សនាបានឃើញផ្ទាល់នូវគម្រោងបច្ចេកវិទ្យាដ៏គួរឲ្យកោតសរសើរចំនួន ១៥ គម្រោង ដែលជាស្នាដៃនៃការខិតខំ ការរៀនសូត្រ និងការច្នៃប្រឌិតពេញមួយវគ្គបណ្តុះបណ្តាល។ គម្រោងទាំងនេះមិនត្រឹមតែបង្ហាញពីជំនាញបច្ចេកទេស និងការច្នៃប្រឌិតរបស់សិស្សានុសិស្ស ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបញ្ហាសង្គម និងសមត្ថភាពក្នុងការបង្កើតដំណោះស្រាយជាក់ស្តែង ដែលមានឥទ្ធិពលជាវិជ្ជមានដល់សហគមន៍តាមរយៈបច្ចេកវិទ្យា។

ក្នុងចំណោមក្រុមដែលមានទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ទាំងនេះ ក្រុមជ័យលាភីនៃកម្មវិធីប្រកួតថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents ឆ្នាំ ២០២៥ ត្រូវបានជ្រើសរើសហើយ៖

  • ក្រុម MNRR ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ
    • គម្រោង៖ Koma
    • ការពិពណ៌នា៖ កម្មវិធីទូរស័ព្ទគាំទ្រការអភិវឌ្ឍការនិយាយសម្រាប់កុមារមានជំងឺអូត៊ីសឹម តាមរយៈការរៀនតាមល្បែង ការណែនាំអំពីការព្យាបាល ការប្រឹក្សាយោបល់ និងការជួយកិច្ចការប្រចាំថ្ងៃ។
  • ក្រុម Anakut ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យ
    • គម្រោង៖ Anakut
    • ការពិពណ៌នា៖ កម្មវិធីជួយនិស្សិតបញ្ចប់ថ្នាក់វិទ្យាល័យក្នុងការស្វែងរកកម្មសិក្សា និងស្វែងយល់ពីសាកលវិទ្យាល័យនានានៅកម្ពុជា ដែលស៊ីគ្នាទៅនឹងគោលដៅ បទពិសោធន៍ និងទីតាំងរបស់ពួកគេ ព្រមទាំងផ្តល់ការណែនាំក្នុងការជ្រើសរើសជំនាញសំខាន់ៗសម្រាប់អនាគត។
  • ក្រុម Takor Girls ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា
    • គម្រោង៖ Learn_Khmer_Alphabet
    • ការពិពណ៌នា៖ កម្មវិធីអប់រំនេះជួយកុមារអាយុពី ១-៣ ឆ្នាំ រៀនអក្សរ ស្រៈ និងលេខខ្មែរតាមរយៈសំឡេង និងរូបភាព ដែលជាជម្រើសសប្បាយរីករាយជំនួសឱ្យ YouTube ឬ Facebook ។
  • ក្រុម supersolver ទទួលបានជ័យលាភីប្រជាប្រិយភាពថ្នាក់ជាតិ
    • គម្រោង៖ FarmEz
    • ការពិពណ៌នា៖ ក្រុមរបស់យើងប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រកសិករក្នុងការចិញ្ចឹមសត្វ។ កម្មវិធីទូរស័ព្ទរបស់យើងផ្តល់មាតិកាអប់រំ ព័ត៌មានទីផ្សារ ការរំលឹកកិច្ចការ ទំនាក់ទំនងពេទ្យសត្វ និងការណែនាំពីអ្នកជំនាញ ដែលជួយកសិករបង្កើនការថែទាំសត្វ។

មូលហេតុចម្បងដែលប្អូនៗគួរចូលរួមកម្មវិធី Technovation Girls x Future Digital Talents គឺថាប្អូនៗអាចចុះឈ្មោះ និងបង្កើតក្រុមជាមួយមិត្តភក្តិរបស់ប្អូនៗ ហើយប្អូនៗអាចរៀនសូត្រជាមួយគ្នា រីកចម្រើនជាមួយគ្នា ជាពិសេសមានឱកាសឈ្នះជាមួយគ្នាដូចពួកខ្ញុំ។ ហើយខ្ញុំពិតជាលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់រូបឲ្យសាកល្បង។” - ក្រុម MNRR, ជ័យលាភីជើងឯកថ្នាក់ជាតិ

យើងពិតជាមានភាពស្ញប់ស្ញែងនឹងការខិតខំប្រឹងប្រែង ក៏ដូចជាភាពច្នៃប្រឌិតរបស់ប្អូនៗទាំងអស់គ្នាតាំងពីវគ្គផ្តើមរហូតដល់វគ្គបញ្ចប់នៃកម្មវិធី។ យើងជឿជាក់លើសក្តានុពលរបស់ប្អូនៗ ហើយសង្ឃឹមថាប្អូនៗនឹងបន្តចូលរួមបង្កើតជាផលវិជ្ជមានទៅកាន់សហគមន៍និងសង្គមតទៅមុខទៀត។ ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះ ដូច្នេះហើយ គឺជាវេទិកាដ៏សំខាន់ដែលអនុញ្ញាតឲ្យសាធារណជនបានចូលរួមទស្សនាផ្ទាល់នូវសមត្ថភាពដ៏អស្ចារ្យរបស់យុវជនកម្ពុជា ដែលមកពីគ្រប់ទិសទី ទូទាំងប្រទេស។ ការចូលរួមរបស់អ្នកនឹងក្លាយជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពេញមួយឆ្នាំ ដើម្បីបង្ហាញស្នាដៃបច្ចេកវិទ្យារបស់ពួកគេ។

កម្មវិធីនេះអាចដំណើរការទៅបានជោគជ័យដោយការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications រៀបចំដោយ Tech for Kids Academy និងសហការរៀបចំដោយ 606 Digital និង Education and Future Abroad ក្រោមការឧបត្ថម្ភពី មូលនិធិ ស.អ (CBRD fund) ការគាំទ្រទីតាំងពី បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា  និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងដៃគូផ្សព្វផ្សាយ ស៊ីស៊ីថាមស៍ និង Kiripost ផងដែរ។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អ្នកស្ម័គ្រចិត្ត គណៈកម្មការ និងសាធារណជនទាំងអស់ដែលបានចូលរួមគាំទ្រ និងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

 

go-to-top tech for kid