កម្មវិធីនេះបានជួយឱ្យខ្ញុំយល់ដឹងពីសមត្ថភាពខ្លួនឯងកាន់តែច្បាស់ និងផ្តល់ឱកាសឱ្យខ្ញុំបានរៀនសូត្រពីបុគ្គលគំរូជាច្រើន។ នៅទីនេះ ពួកយើងអាចរៀន និងរីកចម្រើនជាមួយគ្នា ក្នុងបរិយាកាសដែលពោរពេញដោយភាពច្នៃប្រឌិត និងការបើកចក្ខុវិស័យទៅកាន់ពិភពលោក។
នៅក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាពលើផ្នែកបច្ចេកវិទ្យា គឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ កម្មវិធី Technovation Girls Cambodia x Future Digital Talents ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់នូវវេទិកាមួយដែលអនុញ្ញាតឱ្យយុវជនកម្ពុជាបានសិក្សា បញ្ចេញសមត្ថភាព និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្នុងសហគមន៍ តាមរយៈបច្ចេកវិទ្យា និងសហគ្រិនភាព។
ចាប់តាំងពីឆ្នាំ ២០១៤ មក កម្មវិធី Technovation Cambodia បានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពសិស្សស្រីរាប់ពាន់នាក់ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព។ ឈានចូលមកដល់ឆ្នាំ ២០២៥ នេះ កម្មវិធីបានបង្ហាញនូវ គំនិតផ្ដួចផ្ដើមថ្មីនៃគម្រោង “Future Digital Talents” ដែលបានបើកឱកាសទូលាយដល់សិស្សប្រុសឱ្យចូលរួមអភិវឌ្ឍសមត្ថភាព និងបង្ហាញសក្ដានុពលរបស់ខ្លួននៅក្នុងវិស័យនេះប្រកបដោយបរិយាបន្ន។
ក្នុងអំឡុងពេលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ សិស្សានុសិស្សជាង ៣,០០០ នាក់ មកពី ២៥ រាជធានីខេត្ត បានចុះឈ្មោះចូលរួមក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូណែនាំ ជាង ៦០០ នាក់ ដែលអញ្ជើញមកពីវិស័យបច្ចេកវិទ្យា និងធុរកិច្ច។ ជាសមិទ្ធផលដ៏គួរឱ្យមោទនៈ យុវជនកម្ពុជាបានតំណាងឱ្យប្រទេសជាតិយ៉ាងឆ្នើមនៅលើឆាកអន្តរជាតិ ជាពិសេសកាលពីឆ្នាំ ២០១៧ និង ២០១៩ មានក្រុមសិស្សស្រីកម្ពុជា ២ ក្រុមត្រូវបានជ្រើសរើសជា Global Finalists ដើម្បីទៅធ្វើបទបង្ហាញ ដោយផ្ទាល់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ រហូតមកដល់បច្ចុប្បន្ន មានសិស្សានុសិស្សសរុប ១២ ក្រុមហើយ ដែលបានជាប់ទៅកាន់វគ្គជម្រុះលំដាប់ពិភពលោក (World Summit)។
សម្រាប់យុវជនដែលមានអាយុចាប់ពី ៨ ដល់ ១៨ ឆ្នាំ ការចូលរួមក្នុងកម្មវិធីនេះគឺជាដំណើរនៃការរៀនសូត្រ និងការអភិវឌ្ឍខ្លួនយ៉ាងស៊ីជម្រៅ។ ក្នុងរយៈពេល ១២ សប្ដាហ៍ ប្អូនៗនឹងទទួលបាននូវចំណេះដឹងសំខាន់ៗដូចជា៖
ក្នុងស្មារតីលើកកម្ពស់ និងអបអរសាទរចំពោះសមត្ថភាពយុវជនឆ្នើម ក្រុមជ័យលាភីជើងឯកថ្នាក់ជាតិនឹងទទួលបានឱកាសចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅក្រៅប្រទេសថែមទៀតផង។ ជាក់ស្ដែង កាលពី ២ ឆ្នាំកន្លងទៅ ក្រុមជ័យលាភីជើងឯករបស់យើងបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីសិក្សាស្វែងយល់ផ្ទាល់ពីភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍អប់រំ។ លើសពីការទស្សនកិច្ច ប្អូនៗមានឱកាសដ៏កម្រក្នុងការជួប និងធ្វើពិភាក្សាជាមួយអ្នកជំនាញលំដាប់សកល ដែលជួយពង្រឹងការយល់ដឹងអំពីធុរកិច្ចបង្កើតថ្មី (Startups) និងសហគ្រិនភាពក្នុងកម្រិតអន្តរជាតិ។
មោទនភាពដែលកាន់តែវិសេសវិសាលនោះគឺ សម្រាប់ក្រុមសិស្សស្រីដែលជាប់ជា Global Finalists នឹងទទួលបានកិត្តិយសតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Technovation World Summit។ កាលពីឆ្នាំមុនៗ វេទិកាអន្តរជាតិនេះតែងតែត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ នេះ កម្មវិធីនឹងរៀបចំឡើងផ្ទាល់ជាលើកដំបូងនៅទីក្រុងបេនហ្គាលូរូ (Bengaluru) ប្រទេសឥណ្ឌា។
ឆ្លុះបញ្ចាំងពីតម្លៃនៃបទពិសោធន៍នេះ កញ្ញា ហ៊ុត មុីលីង សមាជិកក្រុម MNRR ដែលជាម្ចាស់ជើងឯកឆ្នាំ ២០២៥ បានចែករំលែកថា៖ “កម្មវិធីនេះបានជួយឱ្យខ្ញុំយល់ដឹងពីសមត្ថភាពខ្លួនឯងកាន់តែច្បាស់ និងផ្តល់ឱកាសឱ្យខ្ញុំបានរៀនសូត្រពីបុគ្គលគំរូជាច្រើន។ នៅទីនេះ ពួកយើងអាចរៀន និងរីកចម្រើនជាមួយគ្នា ក្នុងបរិយាកាសដែលពោរពេញដោយភាពច្នៃប្រឌិត និងការបើកចក្ខុវិស័យទៅកាន់ពិភពលោក។”
ជោគជ័យក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងកិច្ចសហការពីសំណាក់ដៃគូសហការយុទ្ធសាស្ត្រ លោកគ្រូអ្នកគ្រូ មាតាបិតា និងជាពិសេសគឺស្មារតីមោះមុតរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ ដើម្បីរួមគ្នាបង្កើតការផ្លាស់ប្តូរជាវិជ្ជមានដល់សង្គមជាតិ និងពិភពលោក។
តើប្អូនៗត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការក្លាយជាអ្នកដឹកនាំឌីជីថលដែលនឹងបង្កើតឥទ្ធិពលដល់ពិភពលោក? សូមរួសរាន់ឡើង! បច្ចុប្បន្ននៅសល់រយៈពេលតិចជាង ៣ ខែទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមក្នុងឆ្នាំ ២០២៦ នេះ។ កុំឱ្យឱកាសក្នុងការអភិវឌ្ឍសមត្ថភាព និងការបើកផ្លូវឆ្ពោះទៅកាន់ឆាកអន្តរជាតិរបស់ប្អូនៗកន្លងផុតទៅឱ្យសោះ!
🔗 ស្វែងយល់បន្ថែម និងចុះឈ្មោះតាមរយៈ៖ [https://bit.ly/TCxFDT-2026]