គុណភាពនៃកម្មវិធីសិក្សានេះ មិនត្រឹមតែបង្ហាញតាមរយៈចំនួនសិស្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាយតម្លៃខ្ពស់តាមរយៈជ័យលាភីរបស់សិស្សានុសិស្សក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដែលសបញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សកម្ពុជាកំពុងវិវត្តខ្លួនទៅជា «មូលធនមនុស្សឌីជីថល» ប្រកបដោយសក្តានុពល។
ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ ១៨ ទីតាំងថ្មីត្រូវបានប្រារព្ធឡើងនៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររៀបចំថ្នាក់រៀនជំនាញឌីជីថល (ក.ថ.វ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ឡេន នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋាន គ.វ.អ។
ជោគជ័យនៃការអនុវត្តសាកល្បងក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កន្លងទៅ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នរដ្ឋ និងឯកជន។ កម្មវិធីនេះ ជាគម្រោងសាកល្បងថ្នាក់ជាតិ ដែលទទួលបានការវិនិយោគយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា លេខាធិការដ្ឋានគ.វ.អ. និងក្រុមហ៊ុន Tech for Kids Academy (TKA)។
ស្របតាមផែនការរៀបចំថ្នាក់ជំនាញឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានវិនិយោគ និងគាំទ្រយ៉ាងពេញទំហឹងលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន៖ ការជួសជុលកែលម្អបន្ទប់សិក្សា ការបំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយស្តង់ដារ។ ស្របពេលជាមួយគ្នានេះ TKA ក្នុងនាមជាដៃគូបច្ចេកទេស បានបំពេញតួនាទីយ៉ាងសំខាន់ តាមរយៈការជ្រើសរើសនិងបណ្តុះបណ្តាលគ្រូឌីជីថល និងរៀបចំកម្មវិធីសិក្សា។
គិតចាប់តាំងពីដំណើរការគម្រោងក្នុងឆ្នាំ២០២៤ រហូតមកដល់បច្ចប្បន្ន TKA បានចូលរួមចំណែកធ្វើការបណ្តុះបណ្តាលគ្រូឌីជីថលសរុបចំនួន ៦២ រូប (ស្រី ២២ រូប) ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅតាមណ្តាលសាលាគោលដៅទាំង ៦០ ក្នុងរាជធានី-ខេត្តទាំង ១៩។ សមិទ្ធផលនៃការសហការនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការពង្រីកវិសាលភាពដល់ ៦០ សាលាគោលដៅ និងផ្តល់ឱកាសសិក្សាដល់សិស្សានុសិស្សចំនួន ១៧,៩៨៨ នាក់ ទូទាំង ១៩ រាជធានី-ខេត្ត។ គុណភាពនៃកម្មវិធីសិក្សានេះ មិនត្រឹមតែបង្ហាញតាមរយៈបរិមាណសិស្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាយតម្លៃខ្ពស់តាមរយៈជ័យលាភីរបស់សិស្សានុសិស្សក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដែលសបញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សកម្ពុជាកំពុងវិវត្តខ្លួនទៅជា «មូលធនមនុស្សឌីជីថល» ប្រកបដោយសក្តានុពល។
ក្នុងនាមជាដៃគូបច្ចេកទេស Tech for Kids Academy មានមោទនភាពដែលបានរួមចំណែកក្នុងបេសកកម្មដ៏សំខាន់នេះ។ យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការប្រើប្រាស់ជំនាញចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់យើង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលនៅក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់កម្ពុជា។