ជំរុញក្តីស្រមៃតាមរយៈការអប់រំ៖ បេសកកម្មអាហារូបករណ៍ឆ្នាំ២០២៦ របស់ Tech for Kids Academy និងមូលនិធិ PEACH

ដោយ SUN Sodavina & LEATH Pich Reangsey | Dec,26,2025

អ្នកមានពូថៅដ៏មុតស្រួចនៅក្នុងដៃ ដែលពូថៅនោះមានឈ្មោះថា «ការអប់រំ»

នៅតាមតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា សិស្សានុសិស្សជាច្រើនតែងជួបប្រទះនូវការសម្រេចចិត្តដ៏លំបាកបំផុតមួយ គឺជម្រើសរវាង ”ការបន្តការសិក្សា” និង ”ការបោះបង់ចោលសាលារៀន” ដោយសារកង្វះខាតធនធានក្នុងគ្រួសារ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ចាប់តាំងពីខែវិច្ឆិកាកន្លងទៅ ក្រុមការងារ Tech for Kids Academy និង មូលនិធិ PEACH (PEACH Foundation USA) បានចុះបំពេញបេសកកម្មរួមគ្នានៅខេត្តសៀមរាប ដើម្បីនាំយកនូវក្តីសង្ឃឹម និងឱកាសសិក្សាថ្មីៗជូនដល់ប្អូនៗសិស្សានុសិស្ស។ 

មូលនិធិ PEACH គឺជាស្ថាប័នអន្តរជាតិមួយ ដែលមានគោលបំណងចម្បងក្នុងការផ្តល់អាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុដល់សិស្សដែលមានសមត្ថភាព ប៉ុន្តែខ្វះខាតលទ្ធភាពនៅតាមតំបន់ដាច់ស្រយាលក្នុងតំបន់អាស៊ី។ លោកស្រី Ruth Jeng នាយិកាប្រតិបត្តិនៃមូលនិធិ PEACH បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃចំណេះដឹងថា៖

“គ្រួសាររបស់អ្នកជួបការលំបាកពីជំនាន់មួយទៅជំនាន់មួយ ក៏ព្រោះតែកាលពីមុនពួកគាត់មិនទាន់មានឱកាសទទួលបានការអប់រំឱ្យបានខ្ពង់ខ្ពស់។ កាលណាឱកាសនៃការរៀនសូត្រត្រូវបានខកខាន វានឹងបង្កើតជា «ច្រវាក់នៃភាពក្រីក្រ» ដែលបន្តមករកអ្នក និងធ្វើឱ្យអ្នកមានជម្រើសតិចតួចបំផុតសម្រាប់ជីវិត។ ប៉ុន្តែ អ្នកអាចកាត់ផ្តាច់ច្រវាក់នេះបាន ព្រោះអ្នកមានពូថៅដ៏មុតស្រួចនៅក្នុងដៃ ដែលពូថៅនោះមានឈ្មោះថា «ការអប់រំ»។”

ភស្តុតាងជាក់ស្តែងនៃភាពជោគជ័យនេះ គឺអ្នកស្រី Tina Hong សមាជិកនៃក្រុមការងារ PEACH និងជាកុមារដំបូងបង្អស់ដែលមូលនិធិបានជួយជ្រោមជ្រែង៖

“កាលនៅប្រទេសចិន ខ្ញុំត្រូវបានគេសើចចំអកឱ្យ ព្រោះតែខ្ញុំក្រហើយនៅតែចង់បន្តរៀនសូត្រ។ ប៉ុន្តែដោយសារការតស៊ូ និងជំនួយពី PEACH ខ្ញុំបានបញ្ចប់មហាវិទ្យាល័យ រហូតអាចរកចំណូលបានសមរម្យ និងមានសមត្ថភាពឱ្យកូនៗរបស់ខ្ញុំរស់នៅក្នុងទីក្រុងធំៗបាន។

ក្នុងស្មារតីជ្រោមជ្រែងនេះ មូលនិធិ PEACH បានរៀបចំនូវកម្មវិធីឧបត្ថម្ភហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ ដើម្បីធានានូវនិរន្តរភាពនៃការសិក្សា ចាប់ពីកម្រិតវិទ្យាល័យ រហូតដល់បញ្ចប់សាកលវិទ្យាល័យ៖

  • កម្រិតអនុវិទ្យាល័យ (ថ្នាក់ទី៧-៩): ឧបត្ថម្ភថវិកា ១៥០ ដុល្លារ/ឆ្នាំ
  • កម្រិតវិទ្យាល័យ (ថ្នាក់ទី១០-១២): ឧបត្ថម្ភថវិកា ៣០០ ដុល្លារ/ឆ្នាំ
  • កម្រិតមហាវិទ្យាល័យ: ផ្តល់ជូននូវប្រាក់កម្ចីសិក្សាដោយគ្មានការប្រាក់ ដើម្បីឱ្យប្អូនៗអាចបន្តក្តីស្រមៃក្នុងកម្រិតឧត្តមសិក្សាដោយគ្មានក្តីបារម្ភ។

ក្នុងនាមជាដៃគូសហការក្នុងស្រុក Tech for Kids Academy បានដើរតួជាអ្នកសម្របសម្រួលរវាងមូលនិធិ និងវិទ្យាល័យគោលដៅទាំង ១៤ ក្នុងខេត្តសៀមរាប ដើម្បីធានាថាជំនួយនេះត្រូវបានផ្តល់ជូនចំគោលដៅ ជូនដល់សិស្សានុសិស្សដែលកំពុងត្រូវការការគាំទ្រជាចាំបាច់បំផុត។ មកទល់បច្ចុប្បន្ន ឱកាសអាហារូបករណ៍សរុបចំនួន ៨៩ កន្លែង ត្រូវបានផ្តល់ជូនដល់សាលារៀនទាំង ១៤ ដែលក្នុងនោះមានសិស្សានុសិស្សចំនួន ៣៩ នាក់ បានទទួលអាហារូបករណ៍ និងកំពុងបន្តការសិក្សាយ៉ាងសកម្មក្នុងឆ្នាំនេះ។ គម្រោងនេះនឹងបន្តធានានិរន្តរភាពនៃការសិក្សារបស់សិស្សបច្ចុប្បន្ន ព្រមទាំងពង្រីកឱកាសដល់សិស្សានុសិស្សថ្មីៗបន្ថែមទៀតសរុបរហូតដល់ ១៥០ កន្លែង សម្រាប់ឆ្នាំ ២០២៦ ខាងមុខ។ 

ដើម្បីឱ្យការគាំទ្រនេះមានប្រសិទ្ធភាពបំផុត ក្រុមការងារមូលនិធិ PEACH បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដល់មូលដ្ឋាន រួមមានស្ថានភាពរស់នៅ និងប្រភពចំណូលគ្រួសារ ដើម្បីកំណត់ចំនួនសិស្សដែលខ្វះខាតពិតប្រាកដ។ 

បេក្ខជនត្រូវមាន៖

  • លទ្ធផលសិក្សាបេក្ខជនត្រូវទទួលបាននិទ្ទេស A យ៉ាងតិច ២ មុខវិជ្ជា និងនិទ្ទេស B លើ ១ មុខវិជ្ជា (គណិតវិទ្យា, អក្សរសាស្ត្រខ្មែរ និងភាសាអង់គ្លេស)។

Tech for Kids Academy សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ PEACH សម្រាប់កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ។ យើងពិតជាមានមោទនភាពដែលបានឃើញប្អូនៗទទួលបានឱកាសកសាងអនាគតដ៏ភ្លឺស្វាង ហើយយើងនឹងបន្តបេសកកម្មនេះដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។

ដើម្បីបន្តលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលមានឆន្ទៈមោះមុតក្នុងការសិក្សា យើងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃនេះតទៅ!

 

ប្រសិនបើប្អូនៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឬគណៈគ្រប់គ្រងសាលារៀន កំពុងស្វែងរកឱកាសដើម្បីជ្រោមជ្រែងក្តីស្រមៃសិក្សា និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយ សូមកុំឱ្យឱកាសដ៏មានតម្លៃមួយនេះកន្លងផុតទៅឱ្យសោះ!

👉 ដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ខាងក្រោម៖
🔗 https://forms.gle/CS6fGHuqSejGBTPD9

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
ទូរស័ព្ទ/តេឡេក្រាម (Telegram)៖

  • ០៩៨ ៣៣៨ ៨៤៩
  • ០៧៨ ២៥៣ ៣៦៦

 អ៊ីមែល (Email)៖

go-to-top tech for kid