កម្មវិធី «ពិព័រណ៍ និងការប្រកួតប្រជែងកូដក្លឹប»៖ ការបង្ហាញសក្តានុពល និងការកសាងមូលដ្ឋានគ្រឹះការអប់រំចំណេះដឹងឌីជីថលសម្រាប់យុវជនកម្ពុជា

ដោយ Tech for Kids Academy | Dec,06,2025

 ការបង្ហាញសក្តានុពល និងការកសាងមូលដ្ឋានគ្រឹះការអប់រំចំណេះដឹងឌីជីថលសម្រាប់យុវជនកម្ពុជា

(រាជធានីភ្នំពេញ, ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥) – នៅថ្ងៃនេះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានក្លាយជាវេទិកាបង្ហាញសមត្ថភាពរបស់យុវជនជាង ១៥០ នាក់ ដែលពោរពេញដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា នៅក្នុង «កម្មវិធី ពិព័រណ៍ និងការប្រកួតប្រជែងកូដក្លឹប» (Code Club Showcase & Coding Challenge Day)

កម្មវិធីនេះរៀបចំឡើងដោយគម្រោងគំនិតផ្ដួចផ្ដើមអំពីចំណេះដឹងឌីជីថល Digital Literacy Initiative (DLI) ក្រោមការឧបត្ថម្ភពី មូលនិធិដារីយូ (The Dariu Foundation) និងអនុវត្តដោយ អង្គការស្វីសខនថាក់ (Swisscontact) សហការជាមួយដៃគូជំនាញបច្ចេកទេស Tech for Kids Academy។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) ដោយមានការចូលរួមគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។


ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃលទ្ធផលគម្រោងរយៈពេល ២ ឆ្នាំ (២០២៤-២០២៥)។ គម្រោងគំនិតផ្ដួចផ្ដើមអំពីចំណេះដឹងឌីជីថល Digital Literacy Initiative (DLI) បានដើរតួជាថ្នាលបណ្តុះបណ្តាលថ្នាក់កូដដល់សិស្សជាង ៤០០០នាក់ និងបង្កើតកូដក្លឹបចំនួន ៨ នៅតាមសាលានិងវិទ្យាស្ថានTVETគោលដៅ នៃខេត្ដសៀមរាបនិងបាត់ដំបង ដោយបម្លែងពួកគេពីអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។

អ្វីដែលសំខាន់ជាងជំនាញកូដ គឺគម្រោងនេះបានបណ្តុះបំណិនជីវិតដល់ពួកគេ។ តាមរយៈកូដក្លឹប (Code Clubs) សិស្សានុសិស្សបានរៀនពីរបៀបធ្វើការងារជាក្រុម ការទំនាក់ទំនង ការគិតបែបតក្កវិជ្ជា និងភាពក្លាហានក្នុងការបង្កើតអ្វីដែលថ្មី។ ស្នាដៃដែលដាក់បង្ហាញនៅថ្ងៃនេះ មិនមែនគ្រាន់តែជាឧបករណ៍អេឡិចត្រូនិកទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងក្តីស្រមៃរបស់ពួកគេក្នុងការដោះស្រាយបញ្ហាសង្គម។

ទិដ្ឋភាពសំខាន់ៗទាំង ៣ នៃព្រឹត្តិការណ៍
ដើម្បីបង្ហាញពីសក្តានុពលពេញលេញរបស់សិស្សានុសិស្ស ព្រឹត្តិការណ៍នេះបានផ្តោតលើសកម្មភាពស្នូលចំនួន ៣៖

១. ការតាំងបង្ហាញគម្រោងសិស្ស : ក្នុងចំណោមគម្រោងរាប់រយ មានតែគម្រោងឆ្នើមចំនួន ១៥ ក្រុម ប៉ុណ្ណោះដែលត្រូវបានសម្រាំងមកដាក់បង្ហាញ។ ប្អូនៗបានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់អំពីរបៀបប្រើប្រាស់ Micro:bit និង AI ដើម្បីបង្កើតជាឧបករណ៍ឆ្លាតវៃ (Smart Devices) ដែលអាចដោះស្រាយបញ្ហាកសិកម្ម បរិស្ថាន និងជីវភាពរស់នៅ។

២. Coding Debugging Challenge: ការប្រកួតដែលតម្រូវឱ្យបេក្ខជនប្រើប្រាស់តក្កវិជ្ជា (Logic) ដើម្បីស្វែងរក និងកែតម្រូវកំហុសកូដក្នុងកម្មវិធី Scratch (ការប្រកួតជាលក្ខណៈបុគ្គល)។

៣. Micro:bit Wheel Robot Maze Challenge: ការប្រកួតជាក្រុមដែលតម្រូវឱ្យសិស្សសរសេរកូដបញ្ជារ៉ូបូតឱ្យធ្វើដំណើរឆ្លងកាត់ទីលានខ្វាត់ខ្វែង (Maze) ដោយប្រើប្រាស់ភាពជាក់លាក់ និងការសហការគ្នា។

ឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតលើគំនិតច្នៃប្រឌិត និងបច្ចេកទេស គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភីដូចខាងក្រោម៖ 

ពានរង្វាន់គម្រោងឆ្នើម :

  • គម្រោងជ័យលាភី៖ បានទៅលើគម្រោង "Smart House" មកពី វិទ្យាល័យនេតយ៉ង់
  • គម្រោងនវានុវត្តន៍៖ បានទៅលើគម្រោង "Smart Wheelchair" មកពី  វិទ្យាល័យព្រះមុនីវង្ស
  • គម្រោងបច្ចេកទេស៖ បានទៅលើគម្រោង "Smart Green House" មកពី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
  • គម្រោងបទបង្ហាញឆ្នើម៖ បានទៅលើគម្រោង "Tech for the better" មកពី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

 ជ័យលាភីការប្រកួតរ៉ូបូតជាក្រុម (Micro:bit Wheel Robot Maze Challenge):

  • ជ័យលាភីលេខ ១៖ បានទៅលើ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA)
  • ជ័យលាភីលេខ ២៖ បានទៅលើ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT)
  • ជ័យលាភីលេខ ៣៖ បានទៅលើ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITS-SR)

ជ័យលាភីការប្រកួតប្រជែងដកកំហុសកូដ  (Coding Debugging Challenge):

  • ផ្នែកអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET): លេខ ១ (សុវណ្ណ មុនីនាថ), លេខ ២ (គី ដាវិត), លេខ ៣ (លឹម រិទ្ធីសិទ្ធិ)។
  • ផ្នែកវិទ្យាល័យចំណេះទូទៅ: លេខ ១ (នៀម ច័ន្ទបញ្ញា), លេខ ២ (កែវ សំណាង), លេខ ៣ (ថុល សុវណ្ណា)។


ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាការចាប់ផ្តើមនៃអនាគតថ្មីមួយ។ គម្រោង Digital Literacy Initiative  រួមជាមួយដៃគូសហការទាំងអស់ សូមបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកសាងមូលដ្ឋានគ្រឹះការអប់រំឌីជីថលនៅកម្ពុជា។ យើងជឿជាក់ថា ការផ្តល់ចំណេះដឹងបច្ចេកវិទ្យានិងអភិវឌ្ឍជំនាញទន់ដល់យុវជន គឺជាការវិនិយោគដ៏សំខាន់ ដើម្បីធានាថាពួកគេនឹងក្លាយជាកម្លាំងចលករ និងជាស្ពានចម្លងនាំកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

 

go-to-top tech for kid