សហគ្រិនវ័យក្មេងទាំង ៩ រូបនៃកម្មវិធី Young Founders Summit “Phnom Penh” ឆ្នាំ ២០២៥ ត្រូវបានជ្រើសរើស និងចាប់ផ្តើមចេញដំណើរទៅកាន់ Bootcamp នៅប្រទេសសិង្ហបុរីហើយ!

ដោយ MEN Leakhena & LEATH Pich Reangsey | Dec,22,2025

សូមកុំរង់ចាំសម្រាប់ 'ពេលវេលាដ៏ល្អឥតខ្ចោះ' អី គឺត្រូវចាប់ផ្តើមធ្វើវាភ្លាមទៅ

បន្ទាប់ពីបានបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍របស់សិស្សានុសិស្សទាំង ១០០ រូប នៅក្នុងកម្មវិធី Young Founders Summit Phnom Penh ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ យុវជនឆ្នើមទាំង ៩ រូប ត្រូវបានជ្រើសរើសជាផ្លូវការដើម្បីបន្តបេសកកម្មរបស់ខ្លួនទៅកាន់ Bootcamp នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។

 

ការចូលរួមក្នុង Residential Bootcamp រយៈពេល ៦ ថ្ងៃនេះ នឹងផ្តល់ជាមេរៀនដ៏មានអត្ថន័យ និងបទពិសោធន៍ថ្មីៗដ៏មានតម្លៃសម្រាប់សហគ្រិនវ័យក្មេងរបស់យើង។ ប្អូនៗនឹងមានឱកាសជួបជាមួយយុវជនដែលមានគំនិត និងចក្ខុវិស័យដូចគ្នាដែលធ្វើដំណើរមកពីបណ្តាប្រទេសនានាទូទាំងទ្វីបអាស៊ី ព្រមទាំងបានជួបផ្ទាល់ជាមួយអ្នកជំនាញជាច្រើនរូប ដែលនឹងដើរតួជាក្រុមប្រឹក្សាយោបល់ និងជាគ្រូបង្វឹក ដើម្បីតម្រង់ទិសប្អូនៗក្នុងរយៈពេល ៦ ខែខាងមុខ។ នេះគឺជាជំហានដំបូងដ៏សំខាន់ ដើម្បីត្រៀមខ្លួនសម្រេចគោលបំណងក្លាយជាសហគ្រិនវ័យក្មេងនៅលើឆាកអន្តរជាតិ នៅថ្ងៃ Demo Day នៃ Young Founders Summit ឆ្នាំ ២០២៦។

 

ក្នុងអំឡុងពេលស្នាក់នៅនេះ ប្អូនៗនឹងចូលរួមក្នុងសកម្មភាពសំខាន់ៗជាច្រើនដូចជា ការភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនវ័យក្មេងដទៃទៀត ដើម្បីស្វែងរកដៃគូសហការ និងបង្កើតជាក្រុមសម្រាប់អភិវឌ្ឍគំនិតអាជីវកម្មរួមគ្នា។ ពួកគេនឹងស្វែងរកទិសដៅច្បាស់លាស់សម្រាប់គំនិតនវានុវត្តន៍របស់ខ្លួន សិក្សាស្វែងយល់ស៊ីជម្រៅអំពីអ្នកប្រើប្រាស់ និងបញ្ហារបស់ពួកគេ ចាប់ផ្តើមបំផុសគំនិត  និងសាកល្បងទៅលើស្ថានភាពជាក់ស្តែង ព្រមទាំងសិក្សាពីរបៀបធ្វើបទបង្ហាញក្នុងនាមជាសហគ្រិន។ ត្រឹមរយៈពេលដ៏ខ្លីនេះ ពួកគេនឹងទទួលបានមកវិញនូវក្រុមការងារដ៏ឈ្លាសវៃសម្រាប់ការប្រកួតប្រជែង គំនិតផ្តួចផ្តើមដែលច្បាស់លាស់ ភាពជឿជាក់ក្នុងការបង្កើតថ្មី និងផ្លូវដ៏ច្បាស់លាស់មួយសម្រាប់ការបោះជំហានទៅមុខ។

 

មិនត្រឹមតែការរៀនសូត្រក្នុងថ្នាក់ប៉ុណ្ណោះទេ ប្អូនៗនឹងមានឱកាសពិសេសចុះទស្សនកិច្ចសិក្សានៅតាមស្ថាប័នបច្ចេកវិទ្យាល្បីៗលំដាប់ពិភពលោកដូចជា Riot Games, Google, Grab និង AWS ដើម្បីស្វែងយល់បន្ថែមអំពីប្រព័ន្ធប្រតិបត្តិការរបស់សហគ្រាសធំៗ និងបច្ចេកវិទ្យាទំនើបៗដោយផ្ទាល់នៅក្នុងប្រទេសសិង្ហបុរី។

 

ក្រោយពីទទួលបានដំណឹងនៃការជ្រើសរើសនេះ ប្អូន ឈ អុិចលីម ដែលជាបេក្ខជនមួយរូបបានចែករំលែកចំណាប់អារម្មណ៍ថា៖

“ខ្ញុំពិតជារំភើបក្នុងការរៀនសូត្រពីស្ថាបនិកអាជីវកម្មពិតប្រាកដ ស្វែងយល់ពីគំនិតថ្មីៗ និងយល់ដឹងពីរបៀបដែលនវានុវត្តន៍ដំណើរការក្នុងបរិបទសកល។ ជាងនេះទៅទៀត ខ្ញុំក៏ទន្ទឹងរង់ចាំជួបជាមួយអ្នកដឹកនាំវ័យក្មេងមកពីប្រទេសផ្សេងៗ និងទទួលយកបទពិសោធន៍ផ្ទាល់ពីភាពរស់រវើកនៃវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មី នៅប្រទេសសិង្ហបុរី”។

ចំណែកឯប្អូន វុទ្ធធឿន កងបូណ៌មុី ក៏បានចែករំលែកសារបំផុសគំនិតបន្ថែមទៀតថា៖

“សូមកុំរង់ចាំសម្រាប់ 'ពេលវេលាដ៏ល្អឥតខ្ចោះ' អី គឺត្រូវចាប់ផ្តើមធ្វើវាភ្លាមទៅ។ អ្នកមិនចាំបាច់ទាល់តែដឹងអ្វីៗគ្រប់យ៉ាងមុនពេលចាប់ផ្តើមនោះទេ។ ពាក្យថា 'បច្ចេកវិទ្យា និងសហគ្រិនភាព' អាចស្តាប់ទៅហាក់ដូចជាគួរឱ្យខ្លាចបន្តិចមែន ប៉ុន្តែវិធីសាស្ត្រតែមួយគត់ដែលយើងអាចរៀនសូត្រពីវាបាន គឺអ្នកត្រូវហ៊ានឈានជំហានដំបូងចូលទៅក្នុងវិស័យនេះសិន”។

 

Tech for Kids Academy សូមចូលរួមអបអរសាទរដល់សហគ្រិនវ័យក្មេងទាំង ៩ រូប ចំពោះឱកាសដ៏អស្ចារ្យនេះ! យើងពិតជាកោតសរសើរចំពោះភាពក្លាហាន ភាពច្នៃប្រឌិត និងស្មារតីសហការគ្នារបស់ប្អូនៗក្នុងការខិតខំដោះស្រាយបញ្ហាសង្គម។ ជំហានបន្ទាប់របស់ពួកគេបានចាប់ផ្តើមហើយ! តើដំណើររបស់ប្អូនៗនឹងទៅជាយ៉ាងណា? តស់! រង់ចាំតាមដានទាំងអស់គ

go-to-top tech for kid