អ្វីៗទាំងអស់គឺចាប់ផ្តើមពីការចង់ដឹង និងភាពក្លាហានក្នុងការចាប់ផ្ដើម។ ហើយការដែលប្អូនៗសម្រេចចិត្តមកចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញពីភាពក្លាហាននោះ និងជាការចាប់ផ្ដើមដ៏សំខាន់បំផុតមួយសម្រាប់ខ្លួនឯងហើយ។
កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Young Founders Summit ភ្នំពេញ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនៅសាលា AUPP High School - Foxcroft Academy ក្នុងបរិយាកាសមួយដែលពោរពេញទៅដោយថាមពល គំនិតច្នៃប្រឌិត និងស្មារតីនៃការបង្កើតថ្មី។ កម្មវិធីនេះបានប្រមូលផ្តុំយុវជនដ៏មានសក្តានុពលជាង ១២០ រូប អាយុចាប់ពី ១៥ ដល់ ២០ ឆ្នាំ មកពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗគ្នា ឲ្យមកចូលរួមក្នុងបទពិសោធន៍នៃភាពជាសហគ្រិនដ៏គួរឲ្យចាប់អារម្មណ៍មួយ។
ស្មារតីនៃការចាប់ផ្តើមនេះ គឺពិតជាស្របទៅនឹងអ្វីដែល លោក ពិដោរ លីដែត នាយកប្រតិបត្តិ និងជាស្ថាបនិកនៃ Tech for Kids Academy ដែលបានថ្លែងក្នុងពិធីបើកកម្មវិធីថា៖ «អ្វីៗទាំងអស់គឺចាប់ផ្តើមពីការចង់ដឹង និងភាពក្លាហានក្នុងការចាប់ផ្ដើម។ ហើយការដែលប្អូនៗសម្រេចចិត្តមកចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញពីភាពក្លាហាននោះ និងជាការចាប់ផ្ដើមដ៏សំខាន់បំផុតមួយសម្រាប់ខ្លួនឯងហើយ។»
កម្មវិធី Young Founders Summit ដែលសហការរៀបចំដោយ Tech for Kids Academy និង Wavesparks.co មិនមែនគ្រាន់តែជាកម្មវិធីមួយថ្ងៃនោះទេ តែវាគឺជាការកសាងនូវវេទិកាមួយដ៏រឹងមាំ ដែលមានគោលដៅចម្បងក្នុងការបណ្ដុះអ្នកដឹកនាំជំនាន់ថ្មី។ វេទិកានេះ ផ្តល់ឱកាសឲ្យយុវជនទទួលបាននូវជំនាញចាំបាច់ ការណែនាំដោយផ្ទាល់ពីអ្នកជំនាញ និងការកសាងបណ្ដាញទំនាក់ទំនងសម្រាប់ការសហការគ្នាទៅថ្ងៃមុខ ដើម្បីឲ្យពួកគេក្លាយជាបុគ្គលដែលឆ្លាតវៃក្នុងការស្វែងរកដំណោះស្រាយ មានភាពក្លាហានក្នុងការបញ្ចេញមតិ ចេះសម្របខ្លួន និងអាចបង្វែរបញ្ហាឲ្យក្លាយជាឱកាសសម្រាប់ការរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង។
ដើម្បីឲ្យបេសកកម្មនេះក្លាយជាការពិត កម្មវិធីពេញមួយថ្ងៃបានផ្តោតសំខាន់លើការសិក្សា និងការអនុវត្តជាក់ស្តែង។ សិស្សានុសិស្សគ្រប់រូបបានចាប់ផ្ដើមពីការស្វែងយល់ពីវិធីសាស្រ្តនៃការគិតបែបផែនរចនា (Design Thinking) ដែលជាធីសាស្រ្តដ៏សំខាន់សម្រាប់សហគ្រិនក្នុងការកំណត់ និងដោះស្រាយបញ្ហាប្រកបដោយនវានុវត្តន៍។ ហើយសារៈសំខាន់នៃការយល់ពីបញ្ហារបស់អ្នកប្រើប្រាស់នេះហើយ ដែលលោកស្រី Ee Ling Lim, នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Wavesparks.co បានចែករំលែកជាដំបូន្មានដ៏មានអត្ថន័យមួយថា៖ «សហគ្រិនម្នាក់ចាប់ផ្ដើមចេញពីបញ្ហាមួយ និងអ្នកដែលរកដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហានោះ។ ហើយដើម្បីរកដំណោះស្រាយបានជោគជ័យ យើងត្រូវយល់ពីអ្នកប្រើប្រាស់ និងបញ្ហារបស់គេ ព្រោះបើអ្នកព្យាយាមរកដំណោះស្រាយឲ្យមនុស្សគ្រប់គ្នា នោះអ្នកមិនអាចដោះស្រាយបញ្ហានរណាម្នាក់បានឡើយ»។
ដោយទទួលបាននូវទស្សនវិស័យដ៏ច្បាស់លាស់នេះហើយ ប្អូនៗបានយកចំណេះដឹងដែលទើបទទួលបាន មកអនុវត្តភ្លាមៗតាមរយៈការធ្វើការជាក្រុម ដោយចាប់ផ្តើមពីការបង្កើតគំនិត រហូតដល់ការបង្កើតជាផលិតផលគំរូ ដោយប្រើប្រាស់កម្មវិធីថ្មីៗ ក្រោមការណែនាំពីអ្នកបង្ហាត់បង្រៀនមកពីប្រទេសសិង្ហបុរីដោយផ្ទាល់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺស្មារតីនៃការសហការគ្នា។ យើងបានឃើញប្អូនៗប្រមូលផ្តុំកម្លាំងគ្នា ចែករំលែកគំនិត និងធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅរួម។ ប៉ុន្តែចំណុចដែលគួរឲ្យស្ងើចសរសើរបំផុតនោះ គឺភាពជឿជាក់របស់ប្អូនៗ នៅពេលដែលពួកគេបានឈរនៅចំពោះមុខអ្នកចូលរួម និងអ្នកជំនាញ ដើម្បីបង្ហាញពីគម្រោងរបស់ខ្លួន។ នេះមិនមែនគ្រាន់តែជាការធ្វើបទបង្ហាញធម្មតានោះទេ តែវាគឺជាការហាត់សមដ៏សំខាន់មួយ ដែលផ្តល់ឲ្យប្អូនៗនូវបទពិសោធន៍នៃការធ្វើបទបង្ហាញគម្រោង ក្នុងនាមជាសហគ្រិននៅចំពោះមុខអ្នកវិនិយោគពិតៗ។ ការបង្ហាញពីគំនិតច្នៃប្រឌិត និងការឆ្លើយតបទៅនឹងសំណួរប្រកបដោយភាពជឿជាក់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមានទាំងសក្ដានុពល និងភាពជឿជាក់ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ក្លាយជាអ្នកដឹកនាំ និងអ្នកបង្កើតថ្មី ដែលសង្គមត្រូវការនាពេលបច្ចុប្បន្ន និងអនាគត។
ភាពជោគជ័យនៃកម្មវិធី Young Founders Summit ភ្នំពេញ ឆ្នាំ ២០២៥ គឺជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ពួកយើង។ ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើម "RISE by TKA" របស់ Tech for Kids Academy យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានបង្កើតវេទិកាដ៏រឹងមាំមួយនេះឡើង ដែលមានគោលដៅមិនត្រឹមតែដើម្បីពង្រឹងសមត្ថភាពយុវជនក្នុងស្រុកប៉ុណ្ណោះទេ តែដើម្បីត្រៀមខ្លួនឲ្យពួកគេឈានទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិថែមទៀតផង។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Wavesparks.co សម្រាប់ការផ្តួចផ្តើមសហការ និងការគាំទ្រយ៉ាងពេញទំហឹង ហើយក៏សូមអរគុណ គ្រូណែនាំ វាគ្មិនកិត្តិយស និងក្រុមការងាររៀបចំទាំងមូលផងដែរ។
ហើយជាពិសេសបំផុតនោះ យើងសូមកោតសរសើរ និងថ្លែងអំណរគុណដល់យុវជនឆ្នើមទាំង ១២០ រូប ដែលបាននាំយកថាមពល គំនិតច្នៃប្រឌិត និងភាពក្លាហានមកកាន់កម្មវិធីនេះ។ ដំណើរនៅភ្នំពេញនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។
សូមរង់ចាំតាមដានការប្រកាសលទ្ធផលនៃបេក្ខភាពឆ្នើម ដែលនឹងត្រូវបានជ្រើសរើសដើម្បីទទួលបានការឧបត្ថម្ភចូលរួមកម្មវិធី Young Founder Summit Asia នៅប្រទេសសិង្ហបុរីទាំងអស់គ្នា