ព្រឹត្តិការណ៍ "Girl in STEM Design Thinking" ឆ្នាំ ២០២៥ បានបញ្ចប់ដោយជោគជ័យ ដោយរំលេចនូវទេពកោសល្យយុវជនខ្មែរ តាមរយៈការបង្កើតគម្រោងបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាសង្គម
ព្រឹត្តិការណ៍ "Girl in STEM Design Thinking" ឆ្នាំ ២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន KPMG Cambodia និងសហការរៀបចំដោយ Tech for Kids Academy បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យត្រចះត្រចង់កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ នៅឯ KPMG កម្ពុជា។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំយុវជនឆ្នើមចំនួន ៤០ រូប ឲ្យចូលរួមបញ្ចេញសមត្ថភាពយ៉ាងសកម្ម ក្រោមការយកចិត្តទុកដាក់ និងការណែនាំយ៉ាងល្អិតល្អន់ពីសំណាក់គណៈកម្មការ អ្នកជំនាញ និងក្រុមការងារ។
កម្មវិធី "Girl in STEM Design Thinking" ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងដើម្បីជំរុញ និងពង្រឹងសមត្ថភាពយុវជនខ្មែរ ឲ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា និងជាអ្នកដោះស្រាយបញ្ហាសង្គម តាមរយៈការស្វែងយល់ពីវិស័យ STEM ។ ពេញមួយថ្ងៃនៃព្រឹត្តិការណ៍ដ៏មមាញឹកនេះ យុវជនទាំង ៤០ រូប ដែលមកពីវិទ្យាល័យ និងសកលវិទ្យាល័យចំនួន ១៨ ផ្សេងគ្នា បានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្វិតស្វាញលើវិធីសាស្រ្តនៃការគិតបែបផែនរចនា (Design Thinking)។ ការបណ្តុះបណ្តាលនេះ បានបំពាក់បំប៉នពួកគេនូវផ្នត់គំនិតសំខាន់ៗសម្រាប់ភាពជាសហគ្រិន ដើម្បីអាចកំណត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយនវានុវត្តន៍ ព្រមទាំងបានអនុវត្តការសរសេរកូដ Micro:bit ផងដែរ។ ចំណេះដឹងដែលទើបទទួលបានថ្មីៗនេះ ត្រូវបានបេក្ខជនទាំងអស់យកទៅអនុវត្តភ្លាមៗ តាមរយៈការធ្វើការជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងបង្កើតជាផលិតផលគំរូ (Prototype) ដ៏គួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីការខិតខំប្រឹងប្រែង ការរៀនសូត្រ និងការច្នៃប្រឌិតរបស់ពួកគេ។
ដោយមានការចាប់អារម្មណ៍ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងនេះ លោកស្រី សូ ដារី (Ms. So Dary), Partner & Head of Corporate Tax នៃ KPMG កម្ពុជា បានថ្លែងក្នុងពិធីបើកកម្មវិធីថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមជាមួយពួកយើងនៅថ្ងៃនេះ។ ខ្ញុំជឿថា កម្មវិធីនេះនឹងជួយប្អូនៗក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត»។
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញពីសក្តានុពលដ៏ធំធេង និងការផ្លាស់ប្តូរជាវិជ្ជមានរបស់យុវជន។ តំណាងឲ្យ Tech for Kids Academy, កញ្ញា អៀង សេរីវឌ្ឍនា (Ms. Aing Sereyvathana), Entrepreneurship and Social Program Manager បានចែករំលែកចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះពិតជាបានបង្ហាញពីសក្ដានុពលដ៏ធំធេង និងការផ្លាស់ប្តូរដ៏អស្ចារ្យរបស់យុវតីទាំងអស់! ការរីកចម្រើនរបស់ពួកគាត់នេះ គឺពិតជាឆ្លើយតបនឹងបេសកកម្ម និងចក្ខុវិស័យរបស់ Tech for Kids Academy ក្នុងការបំពាក់បំប៉នយុវជននូវជំនាញឌីជីថល សហគ្រិនភាព និងបច្ចេកវិទ្យា»។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាវេទិកាផ្តល់ជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកកម្ពស់ទំនុកចិត្ត និងបើកឱកាសឲ្យយុវជនយុវតីបានបញ្ចេញសក្តានុពលដែលខ្លួនមានយ៉ាងពេញលេញ។ ជាក់ស្តែង អ្នកចូលរួមម្នាក់បានរៀបរាប់ពីការផ្លាស់ប្តូរដែលខ្លួនទទួលបានដូច្នេះថា៖
«សម្រាប់ខ្ញុំ ចំណុចសំខាន់បំផុតដែលខ្ញុំបានរកឃើញថ្ងៃនេះ គឺខ្ញុំអាចប្រើបច្ចេកវិទ្យាបង្កើតដំណោះស្រាយបានដោយខ្លួនឯង! កាលពីដំបូងខ្ញុំពិតជាមិនសូវហ៊ាននិយាយទេ ពេលធ្វើការជាក្រុម។ នេះជាបញ្ហាប្រឈមធំរបស់ខ្ញុំ។ ប៉ុន្តែតាមរយៈការអនុវត្ត Design Thinking និងការរៀនសរសេរកូដជាមួយ Micro:bit ក្នុងកម្មវិធីនេះ ខ្ញុំបានរៀនពីរបៀបបង្ហាញគំនិត ហើយខ្ញុំក៏បានឡើងបង្ហាញគម្រោងរបស់ក្រុមខ្ញុំដោយខ្លួនឯងទៀតផង។ នេះធ្វើឲ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំង! ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងយល់បន្ថែម និងប្រើប្រាស់ចំណេះដឹងនេះដើម្បីបង្កើតផលប៉ះពាល់ធំជាងមុនទៅកាន់សហគមន៍និងសង្គមជាតិ!»
ទន្ទឹមនឹងនេះ បទពិសោធន៍នៃការធ្វើការជាក្រុមចម្រុះ ក៏បានបើកទស្សនវិស័យថ្មីៗដល់ប្អូនៗផងដែរ។ អ្នកចូលរួមម្នាក់ទៀតបានបន្ថែមថា៖
«ខ្ញុំចូលរួមកម្មវិធី "Girl in STEM Design Challenge" ព្រោះខ្ញុំពិតជាចង់រៀនពី Design Thinking និង Micro:bit ហើយចង់ដឹងថាយើងអាចបង្កើតដំណោះស្រាយអ្វីបានខ្លះ។ ថ្ងៃនេះពិតជាលើសពីការរំពឹងទុករបស់ខ្ញុំមែន! ការធ្វើការជាមួយមិត្តភក្តិជាស្ត្រីក្នុងក្រុម ពិតជាធ្វើឲ្យមានគំនិតប្លែកៗច្រើន និងជួយឲ្យខ្ញុំមើលឃើញបញ្ហាក្នុងទស្សនៈផ្សេងគ្នា ដែលធ្វើឲ្យការងារជាក្រុមមានភាពច្នៃប្រឌិតខ្ពស់។ ខ្ញុំពិតជាលើកទឹកចិត្តយុវជនដទៃទៀតឲ្យចូលរួមកម្មវិធីបែបនេះ ព្រោះពួកគាត់ពិតជានឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានពេញលេញ!»
ក្រោយពីការធ្វើបទបង្ហាញយ៉ាងគួរជាទីចាប់អារម្មណ៍ពីក្រុមឆ្នើមទាំង ៨ ក្រុមរួចមក គណៈកម្មការបានសម្រេចជ្រើសរើសក្រុមជ័យលាភីចំនួន ៣ ដែលមានគំនិតច្នៃប្រឌិត និងមានឥទ្ធិពលបំផុតសម្រាប់សហគមន៍។ ក្រុមជ័យលាភីទាំងនោះរួមមាន៖
យើងខ្ញុំសូមអបអរសាទរដល់ក្រុមជ័យលាភីទាំងបី និងសូមកោតសរសើរដល់ក្រុមទាំងប្រាំបី ដែលបានខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យរបស់ខ្លួនអស់ពីសមត្ថភាព!
នៅក្នុងពិធីបិទកម្មវិធី លោក Thorn Raden, Senior Manager, People Performance and Culture នៃ KPMG កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ថាមពល ភាពច្នៃប្រឌិត និងការធ្វើការជាក្រុមរបស់សិស្សានុសិស្សទាំងអស់ ពិតជាអស្ចារ្យមែនទែន។ វាពិតជារំឭកខ្ញុំថា អនាគតរបស់វិស័យ STEM ពិតជារស់រវើកណាស់... ខ្ញុំជឿថា កម្មវិធីនេះបង្ហាញពីសារៈសំខាន់នៃការវិនិយោគលើយុវជនជំនាន់ក្រោយ»។
ភាពជោគជ័យដ៏ត្រចះត្រចង់នៃកម្មវិធី "Girl in STEM Design Thinking" ឆ្នាំ ២០២៥ គឺជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងធនធានយុវជននៅកម្ពុជា។ ជោគជ័យនេះ កើតមានឡើងបាន ក៏ដោយសារតែការផ្តួចផ្តើម និងការគាំទ្រយ៉ាងពេញទំហឹងពី KPMG កម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានគណៈកម្មការ អ្នកណែនាំ ក្រុមការងារ និងយុវជនឆ្នើមទាំង ៤០ រូប ដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។
ក្នុងនាមជាអ្នកសហការរៀបចំ និងជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើម "RISE by TKA" របស់ Tech for Kids Academy យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានផ្តល់វេទិកាដ៏រឹងមាំមួយនេះ ដើម្បីជួយយុវជនបានបញ្ចេញសមត្ថភាព ស្វែងយល់ពីឥទ្ធិពលនៃបច្ចេកវិទ្យា និងបង្កើតផលវិជ្ជមានដល់សហគមន៍។ យើងជឿជាក់លើសក្តានុពលរបស់ប្អូនៗគ្រប់រូប ហើយសង្ឃឹមយ៉ាងមុតមាំថាប្អូនៗនឹងបន្តយកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅបង្កើតសមិទ្ធផលល្អៗសម្រាប់សហគមន៍ និងសង្គមជាតិតទៅមុខទៀត