IP & TechPreneur Award 2025
ដោយ Tech for Kids Academy | Sep,08,2025
កម្មវិធីប្រកួត IP & TechPreneur Award 2025 ប្រព្រឹត្តទៅយ៉ាងជោគជ័យ បង្ហាញពីសមត្ថភាពយុវតីក្នុងការកសាងអនាគតសហគ្រិនភាពបច្ចេកវិទ្យា
កម្មវិធី IP & TechPreneur Award គឺជាកម្មវិធីបណ្ដុះបណ្ដាលសហគ្រិនភាពបច្ចេកវិទ្យារយៈពេល ៧ សប្តាហ៍ ដែលមានគោលបំណងគាំទ្រយុវតី (អាយុ ១៥-១៨ ឆ្នាំ) ក្នុងការប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួនឱ្យទៅជាដំណោះស្រាយបច្ចេកវិទ្យាដែលមានឥទ្ធិពលវិជ្ជមានដល់សង្គម។ កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សជំនាន់ថ្មី តាមរយៈការបណ្ដុះបណ្ដាលជំនាញស្នូលសម្រាប់សតវត្សរ៍ទី២១។
ក្នុងរដូវកាលដំបូងនេះ យុវតីឆ្នើម ចំនួន៤០រូប ដែលត្រូវបានជ្រើសរើស បានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់លើជំនាញសហគ្រិនភាព ជំនាញបច្ចេកទេសក្នុងការបង្កើតផលិតផលគម្រូ(Prototype) និងជាពិសេស ការយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា(IP)។ សមិទ្ធផលរបស់ក្រុមទាំង ៨ ដែលបានបង្ហាញក្នុងវគ្គ Final Pitch គឺជាភស្តុតាងនៃសក្ដានុពលដ៏ធំធេងរបស់យុវតីកម្ពុជា ក្នុងការបង្កើតថ្មី និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគត។
ក្នុងចំណោមក្រុមដែលមានទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ទាំង៨ក្រុមនេះ ក្រុមជ័យលាភីនៃកម្មវិធីប្រកួត IP & TechPreneur Award ឆ្នាំ ២០២៥ ត្រូវបានជ្រើសរើសដូចខាងក្រោម៖
- Champion៖ ក្រុម Diabesties
- គម្រោង៖ កម្មវិធីទូរសព្ទដៃ ដែលជួយការពារអ្នកប្រឈម និងអ្នក ពីជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងរបបអាហារ ការហាត់ប្រាណ និងការទទួលទានថ្នាំទៀងទាត់።
- 1st Runner Up៖ ក្រុម The Fearless
- គម្រោង៖ Stemify ជាកម្មវិធីទូរសព្ទដៃសម្រាប់បំប៉នសិស្សានុសិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ ដោយអនុញ្ញាតឱ្យសិស្សអាចធ្វើការពិសោធន៍បែបនិម្មិត គ្រប់ពេលវេលា គ្រប់ទីកន្លែង۔
- 2nd Runner Up៖ ក្រុម Tech VTAN
- គម្រោង៖ We Heal-th ជាកម្មវិធីទូរសព្ទដៃជំរុញអន្តរកម្មរស់នៅប្រកបដោយសុខភាពល្អ តាមរយៈការអប់រំសុខភាព និងការហាត់ប្រាណ។
- «រំភើបជំនួសកូន ហើយក៏មានមោទនភាពដែរ ដែលកូនអាចឈានមកដល់ចំណុចនេះ ពីមុនយើងគិតថាកម្រណាស់ ព្រោះអីបច្ចេកវិទ្យា... ឱ្យតែនិយាយរឿងបច្ចេកវិទ្យាគឺមានតែក្មេងប្រុស។ ប៉ុន្តែឥឡូវ ក្មេងស្រីគឺក្លាហាន ហើយចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា។ មិនមែនមានតែក្មេងប្រុសទេ ក្មេងស្រីក៏អាចធ្វើបានដែរ។ »- អាណាព្យាបាល ក្រុមជ័យលាភី
- «ខ្ញុំពិតជាកោតសរសើរ និងទទួលស្គាល់នូវការចូលរួមរបស់សិស្សានុសិស្ស ជាពិសេសសិស្សនារី។ ចំណុចខ្លាំងដែលខ្ញុំមើលឃើញ... គឺពួកគេមានផែនការអាជីវកម្ម (business plan) ល្អ មានគំរូផលិតផល (prototype) ដ៏ល្អ ហើយក្រុមខ្លះថែមទាំងបានបង្កើតកម្មវិធីទូរសព្ទផ្ទាល់ខ្លួនរួចរាល់ហើយ។» - ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា
- «កម្មវិធីនេះពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះបញ្ហាដែលពួកគេបានលើកឡើងមិនមែនសម្រាប់មនុស្សជាក់លាក់ណាមួយនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូលតែម្តង។ វាជាចំណុចល្អមួយដែលយើងអាចផ្តល់ឱ្យពួកគេនូវឱកាសដើម្បីស្វែងយល់ពីអ្វីដែលថ្មី និងអ្វីដែលពួកគេចង់ដោះស្រាយ... ពួកគេនឹងធ្វើវាចេញពីចិត្ត ដូច្នេះពួកគេអាចដោះស្រាយបញ្ហាដោយអស់ពីចិត្ត ហើយដំណោះស្រាយក៏នឹងចេញជាលទ្ធិផលល្អផងដែរ។» - គណៈកម្មការកញ្ញា ឡាយ ពុទ្ធិនាថ
- «ចាស៎ ខ្ញុំសូមណែនាំកម្មវិធីនេះយ៉ាងខ្លាំងដល់អ្នកដទៃ ព្រោះកម្មវិធីនេះគឺបង្កើតឡើងសម្រាប់យុវតី... ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នា ជាពិសេសយុវតីដែលនៅតំបន់ជនបទ ឬនៅជុំវិញរាជធានីភ្នំពេញ សូមកុំខ្លាចក្នុងការចូលរួមកម្មវិធីប្រភេទនេះ។ អ្នកនឹងរៀនបានអ្វីៗថ្មីៗជាច្រើន មិនមែនត្រឹមតែបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងសហគ្រិនភាពនោះទេ ប៉ុន្តែអ្នកនឹងមានផ្នត់គំនិតរឹងមាំ ហើយអ្នកនឹងបង្កើតបណ្ដាញទំនាក់ទំនងបានកាន់តែច្រើនថែមទៀត។» - ក្រុម Diabesties ដែលជាជ័យលាភី
យើងពិតជាមានភាពស្ញប់ស្ញែងនឹងការខិតខំប្រឹងប្រែង ក៏ដូចជាភាពច្នៃប្រឌិតរបស់ប្អូនៗទាំងអស់គ្នាតាំងពីវគ្គចាប់ផ្តើមរហូតដល់វគ្គបញ្ចប់នៃកម្មវិធី។ យើងជឿជាក់លើសក្តានុពលរបស់ប្អូនៗ ហើយសង្ឃឹមថាប្អូនៗនឹងបន្តចូលរួមបង្កើតផលវិជ្ជមានទៅកាន់សហគមន៍ និងសង្គមតទៅមុខទៀត។ កម្មវិធីនេះអាចដំណើរការទៅបានជោគជ័យដោយការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភដោយ World Intelletual Property Organization(WIPO) រៀបចំដោយ Tech for Kids Academy និងសហការរៀបចំដោយ ADITI Academy ដៃគូផ្សព្វផ្សាយ ស៊ីស៊ីថាមស៍ និងការឧបត្ថម្ភទីតាំងដោយសហគ្រិនខ្មែរ (Khmer Enterprise) ផងដែរ។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អ្នកស្ម័គ្រចិត្ត គណៈកម្មការ និងសាធារណជនទាំងអស់ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។