ចំណេះដឹងបច្ចេកវិទ្យាគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់ថ្ងៃអនាគត។ ជំនួសឱ្យការបារម្ភពីភាពមិនច្បាស់លាស់ យុវជនគួរជ្រើសរើសយកការសិក្សា និងរៀនប្រើប្រាស់វាឱ្យបានស្ទាត់ជំនាញ។
នៅក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជា "អ្នកបង្កើតបច្ចេកវិទ្យា" គឺជាបេសកកម្មចម្បងមួយសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ កាលពីរសៀលថ្ងៃពុធកន្លងទៅនេះ «វគ្គតម្រង់ទិសតាមប្រព័ន្ធអនឡាញ» នៃកម្មវិធី Technovation Girls Cambodia x Future Digital Talents (TCxFDT) ត្រូវបានរៀបចំឡើងយ៉ាងកុះករ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១៥០នាក់ ដែលពោរពេញដោយថាមពល និងក្តីសង្ឃឹម។
បរិយាកាសនៃការជួបជុំនេះ មិនមែនគ្រាន់តែជាការចែករំលែកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវស្មារតីសាមគ្គីភាពនៃសហគមន៍អប់រំ ដែលមានឆន្ទៈតែមួយគឺ៖ ការកសាងអនាគតឌីជីថលប្រកបដោយភាពជឿជាក់សម្រាប់យុវជនកម្ពុជាគ្រប់រូប។
Technovation Girls Cambodia ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកម្មវិធីដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សមត្ថភាពសិស្សនារីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ តាមរយៈបទពិសោធន៍ដ៏សម្បូរបែប និងជោគជ័យជាបន្តបន្ទាប់នេះ កម្មវិធីបានបន្តវិវត្តខ្លួនឱ្យកាន់តែទូលំទូលាយ ដោយចាប់តាំងពីឆ្នាំមុនមក គំនិតផ្តួចផ្តើម “Future Digital Talents” បានប្រែក្លាយវេទិកានេះឱ្យទៅជាថ្នាលបណ្ដុះបណ្ដាលឌីជីថលមួយ ដែលបើកចំហសម្រាប់យុវជនកម្ពុជាគ្រប់រូប មិនថាសិស្សស្រី ឬសិស្សប្រុសនោះឡើយ។
បច្ចុប្បន្នប្អូនៗសិស្សានុសិស្សគ្រប់រូបត្រូវបានស្វាគមន៍ឱ្យចូលរួមក្នុងកម្មវិធីសិក្សាស្តង់ដារតែមួយ ដើម្បីសិក្សាពីការបង្កើតកម្មវិធីទូរស័ព្ទ (Mobile App) បញ្ញាសិប្បនិម្មិត (AI) និងភាពជាសហគ្រិន។ ទោះបីជាការរៀបចំក្រុមត្រូវធ្វើឡើងតាមភេទរៀងៗខ្លួន (សិស្សស្រីជាមួយសិស្សស្រី ឬសិស្សប្រុសជាមួយសិស្សប្រុស) ក៏ដោយ ក៏នេះគឺជាវេទិកាតែមួយដែលអនុញ្ញាតឱ្យយុវជនគ្រប់រូបអាចបញ្ចេញភាពច្នៃប្រឌិត និងដោះស្រាយបញ្ហាសង្គមដោយប្រើប្រាស់សមត្ថភាពពិតប្រាកដរបស់ខ្លួន។
ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ កញ្ញា ប៉ែន វនាត ទូតសុឆន្ទៈនៃកម្មវិធី (Chapter Ambassador) បានផ្ដល់នូវទស្សនវិស័យមួយថា៖ ចំណេះដឹងបច្ចេកវិទ្យាគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់ថ្ងៃអនាគត។ សម្រាប់កញ្ញា ជំនួសឱ្យការបារម្ភពីភាពមិនច្បាស់លាស់ យុវជនគួរជ្រើសរើសយកការសិក្សា និងរៀនប្រើប្រាស់វាឱ្យបានស្ទាត់ជំនាញ។ ការពង្រឹងសមត្ថភាពលើវិស័យនេះ មិនត្រឹមតែផ្ដល់តម្លៃដល់អនាគតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ព្រោះឱកាសនៃថ្ងៃអនាគតនឹងបើកចំហជានិច្ចសម្រាប់យុវជនដែលហ៊ានរៀនសូត្រ ផ្លាស់ប្តូរ និងមានឆន្ទៈក្នុងការបង្កើតសមិទ្ធផលថ្មី។
សារនេះកាន់តែមានភាពច្បាស់លាស់ថែមទៀត តាមរយៈប្រសាសន៍របស់ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល៖
«ក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើត «ក្លិបសិក្សាក្រៅម៉ោង» ហើយយើងជឿជាក់ថា នេះគឺជាកម្មវិធីដ៏ល្អបំផុតមួយសម្រាប់ប្អូនៗសិស្សានុសិស្ស។ វាគឺជាការផ្ដល់ឱកាសឱ្យប្អូនៗ ទោះបីជាមិនធ្លាប់មានបទពិសោធន៍សរសេរកូដ ពីមុនមកក៏ដោយ ក៏អាចចូលរួមរៀនសូត្រ និងបញ្ចេញសក្ដានុពលរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ទាំងក្នុងវិស័យបច្ចេកវិទ្យា និងភាពជាសហគ្រិន ក្រោមការណែនាំយ៉ាងជិតស្និទ្ធពីលោកគ្រូ អ្នកគ្រូ និងអ្នកស្ម័គ្រចិត្ត ។
រយៈពេល ១២ សប្តាហ៍ អាចនឹងមើលទៅហាក់ដូចជាខ្លី ប៉ុន្តែវាគឺជាដំណើរផ្លាស់ប្តូរដ៏អស្ចារ្យមួយដែលប្អូនៗនឹងទទួលបានចំណេះដឹងលើសពីផ្នែកបច្ចេកវិទ្យា ពោលគឺទាំងជំនាញធុរកិច្ច និងបំណិននៃការរៀបចំផែនការគម្រោង ដែលជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនទៅថ្ងៃមុខ។ កម្មវិធីនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបើកទូលាយនូវសហគមន៍សិក្សាឱ្យកាន់តែសម្បូរបែប សម្រាប់សិស្សានុសិស្សទាំងនៅតាមសាលារដ្ឋ និងឯកជន ដើម្បីផ្ដល់ជាទីកន្លែងសម្រាប់ប្អូនៗជួបជុំគ្នា បង្កើតទំនាក់ទំនង និងសហការគ្នាប្រែក្លាយក្ដីស្រមៃឱ្យទៅជាសមិទ្ធផលដ៏មានន័យសម្រាប់អនាគត។»
ដូចដែលអតីតបេក្ខជនរបស់យើង (Alumni) បានបង្ហាញឱ្យឃើញ បទពិសោធន៍ពីកម្មវិធីនេះមិនមែនបញ្ចប់ត្រឹមតែការប្រកួតនោះទេ ប៉ុន្តែវាគឺជា ទុនដ៏មានតម្លៃសម្រាប់រយៈពេលវែង ក្នុងការអភិវឌ្ឍខ្លួន។
ជាក់ស្តែង កញ្ញា ឆាយ ហុងមី (ម្ចាស់ជ័យលាភីឆ្នាំ ២០២៤ ពីក្រុម GCodey) បានបង្ហាញឱ្យឃើញថា បទពិសោធន៍ពីកម្មវិធី TCxFDT គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណើរសិក្សារបស់ប្អូន។ ចំណេះដឹង និងសមិទ្ធផលដែលទទួលបានពីកម្មវិធីនេះ បានជួយឱ្យហុងមីទទួលបានអាហារូបករណ៍ទៅសិក្សានៅ UWC (United World Colleges) ដែលជាកន្លែងផ្ដល់ឱកាសឱ្យនាងបន្តរុករកសក្ដានុពលថ្មីៗ និងសិក្សាស៊ីជម្រៅលើមុខវិជ្ជាដែលខ្លួនស្រឡាញ់។ បច្ចុប្បន្ន ហុងមី ក៏កំពុងបន្តរៀបចំដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកផងដែរ។ នេះគឺជាភស្តុតាងដែលបង្ហាញថា TCxFDT គឺជា "ចំណុចចាប់ផ្ដើម" ដែលផ្ដល់ទាំងចំណេះដឹងបច្ចេកទេស និងភាពជឿជាក់ ដើម្បីបើកផ្លូវឱ្យយុវជនកម្ពុជាអាចបោះជំហានទៅកាន់ឆាកអន្តរជាតិបានយ៉ាងជឿជាក់។
អ្វីដែលកាន់តែពិសេសនោះ ក្រុមជ័យលាភីជើងឯកថ្នាក់ជាតិ ឆ្នាំ នេះនឹងទទួលបានឱកាសចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅក្រៅប្រទេសថែមទៀតផង។ មោទនភាពដែលកាន់តែវិសេសវិសាលនោះគឺ សម្រាប់ក្រុមសិស្សស្រីដែលជាប់ឈ្មោះជា Global Finalists នឹងទទួលបានកិត្តិយសតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Technovation World Summit។ កាលពីឆ្នាំមុនៗ វេទិកាអន្តរជាតិនេះតែងតែត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ នេះ កម្មវិធីនឹងរៀបចំឡើងផ្ទាល់ជាលើកដំបូងនៅទីក្រុងបេនហ្គាលូរូ (Bengaluru) ប្រទេសឥណ្ឌា។
កម្រិតអាយុ និងរបៀបនៃការចូលរួម
កម្មវិធីបានបែងចែកកម្រិតអាយុដូចខាងក្រោម៖
ប្អូនៗអាចសហការជាក្រុមដែលមានសមាជិកពី ១ ទៅ ៥នាក់ (សមាជិកក្នុងក្រុមត្រូវមានអាយុក្នុងកម្រិតអាយុតែមួយ និងភេទដូចគ្នា)។ សម្រាប់ប្អូនៗដែលមិនទាន់មានក្រុម អាចស្វែងរកមិត្តរួមក្រុមក្នុងគ្រុប Telegram របស់កម្មវិធី [https://t.me/+9TgVCrjIuMNiNDZl]។
កាលបរិច្ឆេទសំខាន់ៗដែលត្រូវកត់ចំណាំ៖
📌 ផុតកំណត់ការចុះឈ្មោះ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦
📌 ផុតកំណត់ការបញ្ជូនគម្រោង៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
📌ចុះឈ្មោះចូលរួមនៅទីនេះ៖ [https://bit.ly/TCxFDT-2026]