ការកសាងសមធម៌ឌីជីថល៖ ឥទ្ធិពលនៃយុទ្ធនាការ «កុំព្យូទ័រនៃការផ្លាស់ប្តូរ» ក្នុងការលើកកម្ពស់ចំណេះដឹងនៅកម្ពុជា

ដោយ លាត ពេជ្ររង្សី | ទី១៧ មករា, ២០២៦

នៅក្នុងបរិបទដែលបរិវត្តកម្មឌីជីថលកំពុងកំណត់ទម្រង់នៃជីវិតរបស់យើង ការផ្ដល់លទ្ធភាពឱ្យសិស្សានុសិស្សកម្ពុជាទទួលបានបទពិសោធន៍សិក្សាជាមួយកុំព្យូទ័រ តាំងពីកម្រិតសិក្សាមូលដ្ឋាន គឺជាការកសាងគ្រឹះដ៏ចាំបាច់បំផុត។ តាមរយៈការកែច្នៃកុំព្យូទ័រប្រើរួចពីបណ្តាក្រុមហ៊ុន ដៃគូសហការ និងអង្គការនានា យើងអាចរួមគ្នាកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជាជាជំហានៗ។

នៅក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យា ចំណេះដឹងផ្នែកឌីជីថលបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៃកង្វះខាតឧបករណ៍បច្ចេកវិទ្យានៅតាមតំបន់ជនបទ នៅតែជាឧបសគ្គដែលទាមទារឱ្យមានដំណោះស្រាយរួមគ្នាប្រកបដោយនិរន្តរភាព។ ដើម្បីដោះស្រាយបញ្ហាជាយុទ្ធសាស្ត្រនេះ យុទ្ធនាការ «កុំព្យូទ័រនៃការផ្លាស់ប្តូរ (Computer of Change)» ដែលផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Tech For Kids Academy បានលេចរូបរាងឡើងក្នុងនាមជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការបំប្លែងធនធានដែលនៅសេសសល់ ឱ្យទៅជាឱកាសអប់រំប្រកបដោយសមធម៌។

គិតត្រឹមដើមឆ្នាំនេះ យុទ្ធនាការដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ២០២១ ក្រោមប្រធានបទ «ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ» មួយនេះ បានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបាននាំយកកុំព្យូទ័រសរុបចំនួន ៣០៦ គ្រឿង ទៅកាន់បណ្តាសាលារៀនក្នុង ១២ ខេត្តក្រុង។ ក្នុងវគ្គទី៣ នាថ្ងៃទី ១៤ មករា ២០២៦ នេះ កុំព្យូទ័រចំនួន ៧៨ គ្រឿង ត្រូវបានប្រគល់ជូនតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ដល់ សាលារៀនគោលដៅចំនួន ៩ ក្នុងបណ្តាខេត្តចំនួន ៦ រួមមាន៖ បន្ទាយមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ និងតាកែវ។

សកម្មភាពនេះមិនត្រឹមតែជាការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដោះស្រាយបញ្ហាខ្វះខាតមធ្យោបាយសិក្សានៅតាមគ្រឹះស្ថានសិក្សាដាច់ស្រយាល ដែលជាឧបសគ្គចម្បងក្នុងការកសាងមូលធនមនុស្សរបស់កម្ពុជាឱ្យទាន់សម័យកាលឌីជីថល។

ឥទ្ធិពលដ៏ធំធេងនៃយុទ្ធនាការនេះ កើតចេញពីកិច្ចសហការ និងការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។ វត្តមានរបស់ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រនេះ បានសបញ្ជាក់ថា យុទ្ធនាការ «Computer of Change» មិនមែនត្រឹមតែជាគម្រោងសប្បុរសធម៌ឯកជនឡើយ ប៉ុន្តែវាគឺជាចំណែកដ៏សំខាន់ដែលដើរទន្ទឹមគ្នាជាមួយផែនការយុទ្ធសាស្ត្រអប់រំឌីជីថលជាតិ។ ការទទួលស្គាល់ និងគាំទ្របែបនេះ បានធ្វើឱ្យយុទ្ធនាការនេះមានលទ្ធភាពពង្រីកវិសាលភាព និងបង្កើតផល វិជ្ជមានជាប្រព័ន្ធទៅកាន់សហគមន៍នៅទូទាំងប្រទេស។

ឆ្លុះបញ្ចាំងពីតម្លៃ និងអត្ថន័យស៊ីជម្រៅនៃបេសកកម្មនេះ លោក សុខ ស្តេវិន ក្រុមការងារបង្គោលនៃយុទ្ធនាការ បានបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំឧបករណ៍ទាំងនេះថា៖

«នៅក្នុងបរិបទដែលបរិវត្តកម្មឌីជីថលកំពុងកំណត់ទម្រង់នៃជីវិតរបស់យើង ការផ្ដល់លទ្ធភាពឱ្យសិស្សានុសិស្សកម្ពុជាទទួលបានបទពិសោធន៍សិក្សាជាមួយកុំព្យូទ័រ តាំងពីកម្រិតសិក្សាមូលដ្ឋាន គឺជាការកសាងគ្រឹះដ៏ចាំបាច់បំផុត។ តាមរយៈការកែច្នៃកុំព្យូទ័រប្រើរួចពីបណ្តាក្រុមហ៊ុន ដៃគូសហការ និងអង្គការនានា យើងអាចរួមគ្នាកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជាជាជំហានៗ។»

លោកបានបន្ថែមថា សម្ភារៈទាំងនេះមិនមែនគ្រាន់តែជាកុំព្យូទ័រប្រើរួចធម្មតានោះទេ ប៉ុន្តែក្រោមការលះបង់របស់អ្នកស្ម័គ្រចិត្ត ឧបករណ៍នីមួយៗត្រូវបានត្រួតពិនិត្យ និងដំឡើងនូវធនធានសិក្សាដ៏សម្បូរបែប ដើម្បីបំប្លែងទៅជាមធ្យោបាយសិក្សាដ៏មានសក្តានុពល។ គោលដៅធំរបស់ Tech for Kids គឺចង់ជំរុញឱ្យយុវជនកម្ពុជាវិវត្តខ្លួនពីត្រឹមតែជាអ្នកប្រើប្រាស់ ឱ្យទៅជា «អ្នកបង្កើត» ដែលមានសមត្ថភាពពេញលេញក្នុងការរៀនសូត្រ និងការបង្កើតថ្មីដោយភាពជឿជាក់។

ភាពជោគជ័យដែលយើងសម្រេចបានមកដល់បច្ចុប្បន្ន គឺជាផ្លែផ្កានៃទឹកចិត្តសប្បុរស និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។ ដូចនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កិច្ចសហការ និងការគាំទ្រទៅលើយុទ្ធនាការនេះ ព្រមទាំងដៃគូឧបត្ថម្ភសម្រាប់វគ្គទី៣ គឺ Manulife Cambodia និង មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ 

ជាពិសេស យើងសូមកោតសរសើរ និងអរគុណចំពោះក្រុមការងារ និងអ្នកស្ម័គ្រចិត្តនៃយុទ្ធនាការ Computer of Change ទាំងអស់។ បើគ្មានការលះបង់កម្លាំងកាយចិត្ត ពេលវេលា និងរបស់អ្នកទាំងអស់គ្នា សមិទ្ធផលដ៏មានអត្ថន័យដែលបានផ្លាស់ប្តូរជីវិតសិស្សានុសិស្សរាប់ពាន់នាក់នៅទូទាំងប្រទេស ក៏មិនអាចសម្រេចទៅបានឡើយ។

ស្មារតីសាមគ្គីភាពនេះហើយ ដែលជាកម្លាំងចលករជំរុញឱ្យ Tech For Kids Academy បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីកបេសកកម្មនេះឱ្យកាន់តែធំធេង និងមានស្ថិរភាពយូរអង្វែង។ យើងជឿជាក់យ៉ាងមុតមាំថា ការកសាងសមធម៌ឌីជីថលមិនមែនជាភារកិច្ចដាច់ដោយឡែករបស់បុគ្គល ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល ដើម្បីធានាថាគ្រប់កុមារកម្ពុជា សុទ្ធតែមានឱកាសទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន។

ក្នុងន័យនេះ យុទ្ធនាការនៅតែបន្តស្វាគមន៍រាល់ការបរិច្ចាគពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា នូវសម្ភារៈបច្ចេកវិទ្យាដូចជា កុំព្យូទ័រលើតុ ឬកុំព្យូទ័រយួរដៃដែលនៅមានគុណភាពអាចប្រើប្រាស់បាន។ រាល់ការរួមចំណែករបស់អ្នក គឺជាការវិនិយោគដ៏មានតម្លៃបំផុតលើអនាគតកុមារកម្ពុជា។ យើងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីប្រែក្លាយធនធានដែលនៅសេសសល់ ឱ្យទៅជាកម្លាំងចលករនៃចំណេះដឹង និងការផ្លាស់ប្តូរដ៏មានអត្ថន័យសម្រាប់យុវជនកម្ពុជាគ្រប់ជំនាន់។

ព័ត៌មានសម្រាប់ការចូលរួមបរិច្ចាគ និងកិច្ចសហការ៖
📞 លេខទូរស័ព្ទ៖ 089 227 970
📧 អ៊ីម៉ែល៖ computerofchange@gmail.com

 

go-to-top tech for kid