«សម្រាប់យើង Space Apps មិនមែនគ្រាន់តែជាកម្មវិធី Hackathon ប៉ុណ្ណោះទេ។ វាជាឱកាសមួយដើម្បីបើកទូលាយការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីអំពីវិទ្យាសាស្ត្រអវកាស និងបង្ហាញពួកគេថា ពួកគេក៏អាចចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជាក្នុងវិស័យអវកាសបានដែរ»។
ការចុះឈ្មោះចូលរួមកម្មវិធី NASA International Space Apps Challenge Phnom Penh 2026 បានបើកជាផ្លូវការហើយ ដោយនាំយកកម្មវិធី Hackathon ផ្នែកនវានុវត្តន៍ពាក់ព័ន្ធនឹងផែនដី និងអវកាសដ៏ធំបំផុតមួយនៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា។
កម្មវិធី NASA Space Apps គឺជាកម្មវិធីប្រកួតប្រជែងបង្កើតនវានុវត្តន៍អន្តរជាតិ ដែលរៀបចំឡើងដោយ រដ្ឋបាលជាតិអាកាសចរណ៍ និងអវកាស (NASA) ដែលជាទីភ្នាក់ងារអវកាសស៊ីវិលរបស់សហរដ្ឋអាមេរិក។ កម្មវិធីនេះប្រមូលផ្តុំមនុស្សមកពីមជ្ឈដ្ឋាន និងជំនាញចម្រុះ ដើម្បីសហការគ្នាដោះស្រាយបញ្ហាប្រឈមនានា ដោយប្រើប្រាស់ទិន្នន័យបើកចំហ និងធនធានរបស់ NASA។ អ្នកចូលរួមនឹងធ្វើការជាក្រុម ដើម្បីបង្កើតគំនិត និងដំណោះស្រាយសម្រាប់បញ្ហាប្រឈមដែលពាក់ព័ន្ធនឹងផែនដី អវកាស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសង្គម។
កម្មវិធីនេះត្រូវបានសម្របសម្រួលផ្ទាល់ដោយកញ្ញា ប៉ែន វនាត ក្នុងនាមជា Local Lead និងសហការរៀបចំដោយស្ថាប័ន Toptimize ព្រមទាំង Tech for Kids Academy ក្នុងនាមជាដៃគូសហការក្នុងស្រុក (In-kind Local Collaborators)។ ក្រុមការងាររៀបចំមានចក្ខុវិស័យរួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជន និងអ្នកច្នៃប្រឌិតកម្ពុជា ឱ្យបានស្វែងយល់ ចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងការដោះស្រាយបញ្ហាជាក់ស្តែង ព្រមទាំងផ្សារភ្ជាប់សហគមន៍បច្ចេកវិទ្យារបស់កម្ពុជាទៅកាន់វេទិកាសកលលោក។
ការចាប់ផ្តើមកម្មវិធីនេះកើតឡើងនៅពេលដ៏សំខាន់មួយសម្រាប់កម្ពុជា ខណៈដែលប្រទេសកំពុងស្វែងរកឱកាស និងកំណត់ចក្ខុវិស័យកាន់តែខ្ពស់ក្នុងវិស័យអវកាស និងបច្ចេកវិទ្យាផ្កាយរណប។ កម្ពុជាបានបង្ហាញមហិច្ឆតាក្នុងការអភិវឌ្ឍសមត្ថភាពផ្កាយរណបផ្ទាល់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយកំពុងសិក្សា និងរៀបចំសមត្ថភាពផ្នែកស្ថាប័ន បច្ចេកទេស និងធនធានមនុស្សដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យអវកាសរបស់កម្ពុជា។
NASA Space Apps Phnom Penh មានគោលបំណងចូលរួមចំណែកក្នុងចលនានេះ តាមរយៈការបង្កើតច្រកចូលមួយដែលងាយស្រួលសម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់អំពីវិទ្យាសាស្ត្រអវកាស ការអង្កេតផែនដី ទិន្នន័យ បច្ចេកវិទ្យា និងនវានុវត្តន៍។
«យើងប្រហែលជាមិនទាន់ដឹងថា អ្នកណានឹងក្លាយជាអ្នកចូលរួមបង្កើតផ្កាយរណបដំបូងរបស់កម្ពុជានោះទេ ប៉ុន្តែបុគ្គលនោះអាចជាយុវជនម្នាក់ក្នុងចំណោមយុវជនដែលយើងកំពុងជំរុញ និងបំផុសគំនិតនៅថ្ងៃនេះ» នេះជាការលើកឡើងរបស់ កញ្ញា ប៉ែន វនាត អ្នកដឹកនាំកម្មវិធី NASA Space Apps Challenge Phnom Penh។ «សម្រាប់យើង Space Apps មិនមែនគ្រាន់តែជាកម្មវិធី Hackathon ប៉ុណ្ណោះទេ។ វាជាឱកាសមួយដើម្បីបើកទូលាយការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីអំពីវិទ្យាសាស្ត្រអវកាស និងបង្ហាញពួកគេថា ពួកគេក៏អាចចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជាក្នុងវិស័យអវកាសបានដែរ»។
ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ NASA Space Apps Challenge Phnom Penh 2026 ត្រូវបានបើកជាផ្លូវការហើយ ចាប់ពីថ្ងៃទី ២៦ ខែសីហា រហូតដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយ ឥតគិតថ្លៃ ១០០% (Free of Charge)។
ដើម្បីចូលរួមក្នុងវគ្គជម្រុះ អ្នកចូលរួមទាំងអស់តម្រូវឱ្យបំពេញកិច្ចការចុះឈ្មោះជា ២ ជំហាន ដូចខាងក្រោម៖
បន្ទាប់ពីវគ្គវាយតម្លៃ និងសម្ភាសន៍ ក្រុមការងារនឹងជ្រើសរើសបេក្ខជន Shortlisted ដើម្បីចូលរួមក្នុងកម្មវិធី Pre-Event Meetup នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ដែលជាវគ្គត្រៀមខ្លួន ផ្គូផ្គងក្រុមមុននឹងឈានទៅដល់ព្រឹត្តិការណ៍ Hackathon រយៈពេល ២ថ្ងៃពេញ នៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
កម្មវិធីនេះបើកទូលាយសម្រាប់អ្នកចូលរួមដែលមានប្រវត្តិ និងជំនាញចម្រុះ។ អ្នកចូលរួមមិនចាំបាច់ជាវិស្វករអវកាស ឬអ្នកវិទ្យាសាស្ត្រអវកាសនោះទេ។ សិស្ស និស្សិត អ្នកសរសេរកម្មវិធី អ្នករចនា អ្នកវិភាគទិន្នន័យ អ្នកស្រាវជ្រាវ វិស្វករ សហគ្រិន និងអ្នកដែលមានចំណាប់អារម្មណ៍លើការដោះស្រាយបញ្ហា ត្រូវបានលើកទឹកចិត្តឱ្យចូលរួមទាំងអស់គ្នា។ សម្រាប់សិស្សានុសិស្សដែលមានអាយុក្រោម ១៨ឆ្នាំ ត្រូវមានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលដើម្បីចូលរួម។
👉 សូមចុះឈ្មោះចូលរួម និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍៖ https://www.spaceappschallenge.org/2026/local-events/phnom-penh/