ការសិក្សានៅប្រទេសផ្សេងៗគ្នា បានធ្វើឱ្យខ្ញុំមើលឃើញពីវិសាលភាពដ៏ធំធេងនៃបច្ចេកវិទ្យាអប់រំ។ គោលដៅរបស់ខ្ញុំនៅ Harvard គឺចង់ស្វែងយល់ស៊ីជម្រៅពីប្រព័ន្ធទាំងនេះ ដើម្បីអាចយកចំណេះដឹងមកបន្សាំ (Localize) និងបង្កើតដំណោះស្រាយដែលស្របតាមបរិបទ និងតម្រូវការជាក់ស្ដែងតាមតំបន់។
ឱកាសអប់រំដែលត្រឹមត្រូវ អាចផ្លាស់ប្តូរអនាគតយុវជនម្នាក់បានយ៉ាងពិតប្រាកដ។ ពីក្មេងស្រីម្នាក់ដែលទើបតែរៀនកុំព្យូទ័រជាលើកដំបូង រហូតក្លាយជានិស្សិតដែលត្រៀមបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard គឺពិតជាមិនមែនជារឿងចៃដន្យឡើយ។ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការតស៊ូ ភាពក្លាហាន និងការបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរ។
នេះគឺជាដំណើររឿងដ៏គួរឱ្យស្ញប់ស្ញែងរបស់ កញ្ញា រិយា ដែលជាអតីតសិស្ស និងជាធនធានយុវជនដ៏ឆ្នើមមួយរូប ដែលបានបោះជំហានពីថ្នាក់រៀនបច្ចេកវិទ្យានៅកម្ពុជា ទៅដល់ការប្រឡូកក្នុងប្រព័ន្ធអេកូឡូស៊ីអប់រំអន្តរជាតិ។
ហ៊ានបោះជំហានដំបូង ទោះត្រូវចាប់ផ្ដើមពីចំណុចសូន្យ
យុវជនកម្ពុជាជាច្រើន តែងមានការស្ទាក់ស្ទើរនៅពេលឮពាក្យថា "បច្ចេកវិទ្យា" ឬ "ការសរសេរកូដ" ដោយគិតថាវាជារឿងស្មុគស្មាញ និងត្រូវការភាពវៃឆ្លាតពីកំណើត។ សម្រាប់រិយា ការចាប់ផ្ដើមដំបូងជាមួយកម្មវិធី Technovation Girls Cambodia កាលពីរៀននៅអនុវិទ្យាល័យ ក៏មានការភ័យខ្លាចមិនខុសគ្នាឡើយ។
«ពីមុន ខ្ញុំគិតថាបច្ចេកវិទ្យាជារឿងពិបាកណាស់។ និយាយតាមត្រង់ ខ្ញុំទើបតែបានរៀនប្រើប្រាស់កុំព្យូទ័រជាលើកដំបូងបំផុត គឺតាមរយៈការចូលរួមក្នុងកម្មវិធី Technovations Girls Cambodia នេះឯង» គាត់បានរំលឹកពីអនុស្សាវរីយ៍កាលពីពេលនោះ។
ប៉ុន្តែភាពភ័យខ្លាចនោះ មិនបានរារាំងគាត់ឡើយ។ កម្មវិធីនេះបានបង្រៀនគាត់ថា បច្ចេកវិទ្យាជារង្វាន់សម្រាប់អ្នកដែលហ៊ានចាប់ផ្ដើម។ ភាពក្លាហាននេះហើយ ដែលបានជំរុញឱ្យគាត់អាចសហការជាក្រុម បង្កើតជាកម្មវិធីទូរស័ព្ទដើម្បីដោះស្រាយបញ្ហាសង្គម និងបន្តស្វែងរកឱកាសថ្មីៗជានិច្ច។
បទពិសោធន៍លើឆាកអន្តរជាតិ និងក្ដីស្រមៃចង់អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
ចំណេះដឹង និងទំនុកចិត្តដែលបានកសាងនៅកម្ពុជា បានក្លាយជាស្ពានចម្លងដ៏រឹងមាំជួយឱ្យ រិយាទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Minerva នាសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងអាជីវកម្ម គាត់ទទួលបានបទពិសោធន៍រស់នៅ និងសិក្សាដោយផ្ទាល់នៅក្នុងប្រទេសចំនួន ៧ ផ្សេងៗគ្នា។ បទពិសោធន៍ដ៏សម្បូរបែបនេះ បានអនុញ្ញាតឱ្យគាត់ចូលរួមយ៉ាងសកម្មក្នុងគម្រោងអប់រំបច្ចេកវិទ្យាកម្រិតសកលជាច្រើន។
អ្វីដែលជាមោទនភាពបំផុតនៃបទពិសោធន៍របស់គាត់ គឺការទទួលបានឱកាសចូលរួមជាផ្នែកមួយនៃក្រុមការងារនៅស្ថាប័ន App Inventor Foundation នៃ MIT App Inventor នៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា MIT App Inventor គឺជាកម្មវិធីសម្រាប់សរសេរកូដដ៏ពេញនិយមបំផុតមួយ ដែលសិស្សានុសិស្សក្នុងកម្មវិធី Technovation និងតាមបណ្ដាសាលារៀននានាទូទាំងពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃ។ ពីអតីតសិស្សកម្ពុជាដែលធ្លាប់អង្គុយរៀនសរសេរកូដនៅលើ កម្មវិធី នេះ ក្លាយទៅជាយុវជនម្នាក់ដែលបានចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំបច្ចេកវិទ្យានេះដោយផ្ទាល់ គឺជាសក្ខីភាពដ៏មានឥទ្ធិពលដែលឆ្លុះបញ្ចាំងពីសក្ដានុពលពិតប្រាកដរបស់យុវជនយើង។
ទោះបីជាទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិក្តី ក៏គោលដៅចុងក្រោយរបស់គាត់ គឺការយកចំណេះដឹងទាំងនោះមកជួយអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាវិញ។ ក្នុងពេលឆាប់ៗនេះ គាត់នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងការអប់រំ នៅ Harvard Graduate School of Education។
«ការសិក្សានៅប្រទេសផ្សេងៗគ្នា បានធ្វើឱ្យខ្ញុំមើលឃើញពីវិសាលភាពដ៏ធំធេងនៃបច្ចេកវិទ្យាអប់រំ។ គោលដៅរបស់ខ្ញុំនៅ Harvard គឺចង់ស្វែងយល់ស៊ីជម្រៅពីប្រព័ន្ធទាំងនេះ ដើម្បីអាចយកចំណេះដឹងមកបន្សាំ (Localize) និងបង្កើតដំណោះស្រាយដែលស្របតាមបរិបទ និងតម្រូវការជាក់ស្ដែងតាមតំបន់។»
បន្តស្មារតីចែករំលែក
រឿងរ៉ាវរបស់ កញ្ញា រិយា គឺជាតំណាងឱ្យស្មារតីនៃការ «ចែករំលែក និងជួយគាំទ្រយុវជនជំនាន់ក្រោយ» ដែល Tech for Kids Academy តែងតែបណ្ដុះបណ្ដាលដល់សិស្សគ្រប់រូប។
ដើម្បីពង្រឹងស្មារតីនេះឱ្យកាន់តែទូលំទូលាយ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «បណ្ដាញអតីតសិស្ស (TKA Alumni Network)» នៅក្នុងព្រឹត្តិការណ៍ RISE Week 2026 នាខែកក្កដាខាងមុខនេះ។ តើបណ្ដាញអតីតសិស្សនេះនឹងចូលរួមជួយត្រួសត្រាយផ្លូវដល់យុវជនជំនាន់ក្រោយដូចម្ដេចខ្លះ? សូមបន្តរង់ចាំតាមដានការប្រកាសជាផ្លូវការទាំងអស់គ្នា!
ក្នុងនាមជាសិស្សច្បងដែលធ្លាប់ឆ្លងកាត់ការភ័យអរនៅលើឆាកប្រកួត រិយាមានសារលើកទឹកចិត្តដ៏មានអត្ថន័យមួយផ្ញើជូនប្អូនៗសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួនសម្រាប់វគ្គប្រកួតជម្រុះថ្នាក់ជាតិនៅ RISE Week 2026 ខាងមុខនេះ៖
បទពិសោធន៍របស់កញ្ញា រិយា បានរំលឹកយើងថា បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ ប៉ុន្តែការផ្ដល់ឱកាស និងការជ្រោមជ្រែងពីប្រព័ន្ធអេកូឡូស៊ីអប់រំ ទើបជាអ្វីដែលជួយឱ្យយុវជនអាចឈានទៅដល់ក្ដីស្រមៃរបស់ពួកគេ។
សមិទ្ធផលដ៏ធំធេងនៃកម្មវិធីអប់រំបច្ចេកវិទ្យាជាសកលនេះ មិនអាចលេចចេញជារូបរាងបានឡើយ ប្រសិនបើគ្មានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីបណ្ដាដៃគូយុទ្ធសាស្ត្រ និងម្ចាស់ឧបត្ថម្ភ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា និងការរៀបចំដោយ Tech for Kids Academy។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភធំពី មូលនិធិ ស.អ. (CBRD Fund) ការឧបត្ថម្ភគាំទ្រពី សហគ្រិនខ្មែរ ការផ្ដល់ឱកាសដំណើរទស្សនកិច្ចសិក្សាដោយស្ថាប័ន Education and Future Abroad ព្រមទាំងដៃគូផ្សព្វផ្សាយ The Cambodia China Times និងដៃគូសហការទាំងអស់ ដែលតែងតែបន្តការវិនិយោគលើសក្ដានុពលយុវជន។
តើនវានុវត្តជនវ័យក្មេងរបស់យើង នឹងបង្ហាញសក្ដានុពលអ្វីខ្លះ? សូមអញ្ជើញសាធារណជនចុះឈ្មោះចូលរួមទស្សនាដោយសេរី នៅក្នុងព្រឹត្តិការណ៍ RISE Week 2026 នាថ្ងៃទី ២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
👉 ចុះឈ្មោះចូលរួមដោយសេរីនៅទីនេះ៖ https://luma.com/10hlz4eh
(ទីតាំងប្រារព្ធកម្មវិធីជាផ្លូវការ នឹងត្រូវប្រកាសជូនក្នុងពេលឆាប់ៗនេះ!)