កម្ពុជាពង្រឹងសមត្ថភាពគ្រូឌីជីថល ដើម្បីពង្រីកឱកាសសិក្សាដល់សិស្សានុសិស្ស

ដោយ Lydet PIDOR | ទី២ វិច្ឆិកា, ២០២៦

«[...] ខ្ញុំសូមផ្តាំផ្ញើបន្ថែមថា ការសិក្សាតាមរយៈការបណ្តុះបណ្តាល គឺជាទុនមួយក្នុងការបើកផ្លូវឱ្យលោកគ្រូ អ្នកគ្រូ បានយល់ដឹង និងស្គាល់នូវចំណេះដឹងបច្ចេកវិទ្យា និងឌីជីថលថ្មីៗ ប៉ុន្តែការអភិវឌ្ឍបំណិនបច្ចេកវិទ្យាទាំងនេះ គឺទាមទារឱ្យលោកគ្រូ អ្នកគ្រូ ខិតខំស្វ័យសិក្សា និងអនុវត្តជាប្រចាំ ព្រោះបច្ចេកវិទ្យាមានការវិវឌ្ឍយ៉ាងរហ័ស។ មានតែការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងជាប្រចាំទេ ទើបអាចឱ្យយើងអភិវឌ្ឍសមត្ថភាពបានទាន់ពេលវេលា និងឈានទៅមុខជានិច្ច។» — ឯកឧត្តម សំ កក្កដា

ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែតុលា ឆ្នាំ២០២៦ កម្មវិធីមូលដ្ឋានគ្រឹះឌីជីថលបានឈានទៅមុខមួយជំហានទៀត  តាមរយៈវគ្គបណ្តុះបណ្តាលគ្រូ ក្រោមការដឹកនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

១៧,៩៨៨ សិស្សចូលរៀន   |   ៦០ សាលាគោលដៅ   |   ១៩ រាជធានី–ខេត្ត   |   ៤៩% សិស្សស្រី

ការកសាងសេដ្ឋកិច្ចឌីជីថល ចាប់ផ្តើមពីការអភិវឌ្ឍធនធានមនុស្ស ហើយការអភិវឌ្ឍធនធានមនុស្ស ចាប់ផ្តើមពីគ្រូបង្រៀន។ សម្រាប់ប្រទេសកម្ពុជា ការជំរុញការអប់រំឌីជីថល នៅសាលារៀន មិនមែនគ្រាន់តែជាការបំពាក់កុំព្យូទ័រនៅតាមសាលារៀននោះទេ ប៉ុន្តែជាការធានាថា សិស្សានុសិស្សអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ សុវត្ថិភាព មានសមត្ថភាពគិតវិភាគ និងចេះបង្កើតដំណោះស្រាយដោយខ្លួនឯង។

ក្នុងទិសដៅនេះ កម្មវិធីមូលដ្ឋានគ្រឹះឌីជីថល (Digital Foundations Program) ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល និងដឹកនាំអនុវត្តដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយសហការយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋាន គ.វ.អ. ក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមហ៊ុន Tech for Kids Academy (TKA)។ កម្មវិធីនេះ ផ្តោតសំខាន់លើការបណ្ដុះជំនាញឌីជីថលមូលដ្ឋាន សម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦ នៅតាមសាលាបឋមសិក្សាគោលដៅ។

អំពីកម្មវិធី 

យោងតាមរបាយការណ៍បូកសរុបឆ្នាំសិក្សា ២០២៥–២០២៦ កម្មវិធីនេះបានចាប់ផ្ដើមពីសាលាបឋមសិក្សាគោលដៅចំនួន​ ៤២ ទីតាំង នៅជំហានទី១ ទៅដល់សាលាបឋមសិក្សាគោលដៅចំនួន ៦០ ទីតាំង ក្នុង ១៩ រាជធានី–ខេត្ត ដោយមានបន្ទប់ឌីជីថលសរុបចំនួន ៦២ បន្ទប់។ ចំនួនសិស្សចូលរៀនមានចំនួន ១៧,៩៨៨ នាក់ ពោលគឺកើនឡើងប្រមាណ ៥៤% បើធៀបនឹងឆ្នាំសិក្សានៅជំហានទី១ (ក្នុងនោះសិស្សស្រីមាន ៨,៧៩៦ នាក់ ឬប្រមាណ ៤៩%)។ បច្ចុប្បន្ន កម្មវិធីនេះមានគ្រូឌីជីថលសរុបចំនួន ៦២ រូប ដែលកំពុងបង្រៀនដោយផ្ទាល់នៅតាមសាលាគោលដៅ។

វគ្គបណ្តុះបណ្តាលត្រៀមគ្រូបង្រៀនរយៈពេល ៣ថ្ងៃ

ដើម្បីពង្រឹង និងកសាងសមត្ថភាពគ្រូឌីជីថល កាលពីថ្ងៃទី១៩ ដល់ទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ វគ្គ «បណ្តុះបណ្តាលត្រៀមគ្រូបង្រៀន កម្មវិធីមូលដ្ឋានគ្រឹះឌីជីថល» ត្រូវបានរៀបចំឡើង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានលោកគ្រូ អ្នកគ្រូចូលរួមចំនួន ៣៥ រូប (ស្ត្រី ១៥ រូប) មកពីសាលាគោលដៅ ៣២ ទីតាំង ក្នុង ១៩ រាជធានី-ខេត្ត។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សំ កក្កដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ថ្លែងជាសារគន្លឹះក្នុងពិធីបិទវគ្គ ឯកឧត្តម សំ កក្កដា បានផ្តល់នូវអនុសាសន៍ដ៏មានតម្លៃជូនដល់សិក្ខាកាមថា៖

«ខ្ញុំចង់ឱ្យលោកគ្រូ អ្នកគ្រូដឹងថា នេះគ្រាន់តែជាការចាប់ផ្តើម ដើម្បីកសាងទុនគ្រឹះផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ និងឌីជីថលតែប៉ុណ្ណោះ។ លើសពីនេះ ខ្ញុំសូមផ្តាំផ្ញើបន្ថែមថា ការសិក្សាតាមរយៈការបណ្តុះបណ្តាល គឺជាទុនមួយក្នុងការបើកផ្លូវឱ្យលោកគ្រូ អ្នកគ្រូ បានយល់ដឹង និងស្គាល់នូវចំណេះដឹងបច្ចេកវិទ្យា និងឌីជីថលថ្មីៗ ប៉ុន្តែការអភិវឌ្ឍបំណិនបច្ចេកវិទ្យាទាំងនេះ គឺទាមទារឱ្យលោកគ្រូ អ្នកគ្រូ ខិតខំស្វ័យសិក្សា និងអនុវត្តជាប្រចាំ ព្រោះបច្ចេកវិទ្យាមានការវិវឌ្ឍយ៉ាងរហ័ស។ មានតែការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងជាប្រចាំទេ ទើបអាចឱ្យយើងអភិវឌ្ឍសមត្ថភាពបានទាន់ពេលវេលា និងឈានទៅមុខជានិច្ច។»

ក្នុងនាមជាដៃគូគាំទ្រផ្នែកបច្ចេកទេស TKA បានរៀបចំខ្លឹមសារបណ្តុះបណ្តាល ដែលផ្សារភ្ជាប់គរុកោសល្យទៅនឹងការអនុវត្តជាក់ស្តែង រួមមាន៖ ការគ្រប់គ្រងថ្នាក់រៀន និងសុវត្ថិភាពកុមារ ការរៀបចំផែនការបង្រៀនតាមលទ្ធផលរំពឹងទុក (Backward Planning) ការបង្កើតសំណួរវាយតម្លៃតាមវិធីសាស្រ្តប្លូម (Bloom’s Taxonomy) ការបង្រៀនសរសេរកូដតាម Code.org និង Scratch ការប្រើប្រាស់ Kahoot!, Quizizz និង Canva ព្រមទាំងស្តង់ដារថែទាំបន្ទប់កុំព្យូទ័រ។ គោលបំណងចម្បង គឺដើម្បីជួយឱ្យលោកគ្រូអ្នកគ្រូអាចប្រែក្លាយមេរៀនពីត្រឹមតែការពន្យល់បែបទ្រឹស្តី ទៅជាការចូលរួមអនុវត្ត និងវាស់វែងការរៀនរបស់សិស្សបានកាន់តែច្បាស់ជាងមុន។

ការគាំទ្រ និងការបណ្តុះបណ្តាលមិនបញ្ចប់ត្រឹមសិក្ខាសាលាមួយលើកនេះទេ

ដើម្បីធានានិរន្តរភាព ក្នុងឆ្នាំសិក្សា ២០២៥–២០២៦ កន្លងទៅក្រុមការងារបានរៀបចំវគ្គបំប៉នសមត្ថភាពគ្រូតាមអនឡាញចំនួន ៣៦ លើក សិក្ខាសាលាប្រចាំខែ ៩ លើក និងកិច្ចប្រជុំសម្របសម្រួល ៣ លើក។ ប្រធានបទរួមមាន ការសរសេរកូដ ការអប់រំឌីជីថល សុវត្ថិភាពអនឡាញ បញ្ញាសិប្បនិម្មិត (AI) និងជំនាញគរុកោសល្យនិង​វិធី​សាស្ត្រ​បង្រៀន​ ដែលសកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ និងលើកកម្ពស់គុណវុឌ្ឍិដល់លោកគ្រូអ្នកគ្រូជាបន្តបន្ទាប់។

ការបង្ហាញសមត្ថភាព និងស្នាដៃរបស់សិស្សក្នុងកម្មវិធីមូលដ្ឋានគ្រឹះឌីជីថល

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សិស្សានុសិស្សដែលស្ថិតក្នុងគម្រោងកម្មវិធីមូលដ្ឋានគ្រឹះឌីជីថលសរុបចំនួន ២៣ ក្រុម បានចូលរួមប្រកួតប្រជែង និងតាំងបង្ហាញស្នាដៃក្នុងកម្មវិធីរួមមាន៖ កម្មវិធី តិចណូវេសិន និងអនាគតឌីជីថល ២០២៦ (Technovation Girls x Future Digital Talents 2026) កម្មវិធី អប់រំបង្កើតហ្គេម (Virtual Global Game Jam 2025) និងការតាំងបង្ហាញស្នាដៃគម្រោងបញ្ចប់ក្នុងថ្នាក់ Code.org និង Scratch នៅក្នុងព្រឹត្តិការណ៍ RISE Week ២០២៦។

ជាលទ្ធផលដ៏គួរឱ្យមានមោទនភាព សិស្សចំនួន ១ ក្រុម បានទទួលជ័យលាភីថ្នាក់ជាតិក្នុងកម្មវិធី «តិចណូវេសិន និងអនាគតឌីជីថល ២០២៦ (Technovation Girls x Future Digital Talents 2026)» កម្រិតបឋមសិក្សា និងសិស្ស ១​​ ក្រុមផ្សេងទៀត ទទួលបានជ័យលាភីថ្នាក់ជាតិក្នុងកម្មវិធី «អប់រំបង្កើតហ្គេម ២០២៥» ដោយសិស្សានុសិស្សទាំង ២ ក្រុម គឺជាសិស្សមកពី សាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប។

ទិសដៅបន្ទាប់

សម្រាប់ការត្រៀមបង្រៀនក្នុងឆ្នាំសិក្សា ២០២៦–២០២៧ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមការងារបានបន្តកិច្ចប្រជុំណែនាំតាមប្រព័ន្ធអនឡាញ ដោយផ្តោតលើការបូកសរុបលទ្ធផលឆ្នាំមុន ការណែនាំការងារបង្រៀន និងការប្រើប្រាស់កម្មវិធី Veyon Master សម្រាប់អាចគ្រប់គ្រងកុំព្យូទ័រសិស្សពីចម្ងាយក្នុងបន្ទប់ឌីជីថល ។

សម្រាប់ដំណាក់កាលបន្ទាប់ ក្រុមការងារកម្មវិធីមូលដ្ឋានគ្រឹះឌីជីថលនឹងផ្តោតលើការគាំទ្រគ្រូនៅតាមសាលាគោលដៅដែលមានការលំបាក ការកែលម្អមេរៀនតាមទិន្នន័យវាយតម្លៃ ការធានាឱ្យកុមារទាំងអស់អាចចូលរួម និងការរួមបញ្ចូលជំនាញមូលដ្ឋានអំពីបញ្ញាសិប្បនិម្មិត (AI) សមស្របនឹងសមត្ថភាពរបស់សិស្សកម្រិតបឋមសិក្សា។ TKA ពិតជាមានកិត្តិយសដែលបានចូលរួមគាំទ្រការងារនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈ ក.ប.ទ. ហើយយើងបន្តស្វាគមន៍ជានិច្ចនូវកិច្ចសហការជាមួយសាលារៀន ស្ថាប័នអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា និងដៃគូនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើការបណ្តុះបណ្តាលគ្រូ ការអភិវឌ្ឍធនធានសិក្សា និងគម្រោងអប់រំឌីជីថលសម្រាប់អភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

សម្រាប់ឱកាសសហការ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖
📞លេខទូរស័ព្វ: ០៩៨​​ ៣៣៨​ ៨៤៩
📲តេលេក្រាម: https://t.me/TechforKidsAcademy

go-to-top tech for kid